ព័ត៌មានជាតិ

វិបត្តិស្នេហា សម្រេចចិត្ត ធ្វើអត្តឃាត ចាក់សាំងដុតសម្លាប់ខ្លួន ស្លាប់២នាក់ ក្នុងផ្ទះសំណាក់

ស្វាយរៀង ៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង បានសម្រេចចិត្ត ធ្វើអត្តឃាត យកសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់ទាំង២នាក់ ក្នុងផ្ទះសំណាក់៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧.៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ។

សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា នៅវេលាម៉ោង៧.៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋថា នៅត្រង់ចំណុច ផ្ទះសំណាក់៧៧៧៧ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានអគ្គីភ័យមួយកើតឡើង និងមានមនុស្សស្លាប់ ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំង ជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វិជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា  អង្គប្រទាន ព្រះរាជអាជ្ញារង សាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។

សមត្ថកិច្ចបានបន្តថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះ នៅក្នុងបន្ទប់លេខ១៩ ជនរងគ្រោះមានឈ្មោះ
ទី១- ឈ្មោះវ៉ន ញ៉ាញ់ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។
ទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថា ភេទប្រុស អាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភះឆ្នាំ២០២៣ វេលាម៉ោង៦.០០នាទីល្ងាច ជនរងគ្រោះទាំងពីរ បានមកជួលបន្ទប់លេខ១៩ ដើម្បីសំរាករហូតដល់ម៉ោង៧.៣០នាទីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ចំពោះករណីនេះ ក្រុមគ្រួពេទ្យ បានសន្និដ្ឋានថា សាកសពស្លាប់ ដោយសារធ្វើអត្តឃាត ចាក់សាំងដុតខ្លួនឯងពិតមែន ។ ហើយការឈាន ដល់ការចាក់សាំងដុត សម្លាប់ខ្លួនឯងនេះដោយសារ មានវិបត្តិស្នេហា។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ អោយក្រុមគ្រួសារយកធ្វើបុណ្យ តាមប្រពៃណី៕

To Top