ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជន រួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្ត ឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ។
ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នាថ្ងៃទី២៧ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់ជីវភាព សុខភាព និង សុខុមាលភាពប្រជាជន, ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង, ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។
សម្ដេចតេជោបន្តថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ត្រូវបន្តត្រៀមខ្លួនឱ្យបានរួចរាល់ ដោយផ្ដោតសំខាន់លើការជំរុញ សកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងបៃតង ការផ្តល់សេវា និងបដិសណ្ឋារកិច្ចល្អ តាមរយៈការអប់រំ ផ្សព្វផ្សាយ ការប្រឡងប្រណាំង និងការដាក់ចេញយុទ្ធនាការនានា។
ឈរលើស្មារតីនេះ ឆ្លើយតបនឹងប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាព កក់ក្តៅ” ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវ បន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន ៥ ដូចខាងក្រោម
ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ស្របតាម ការអនុវត្តគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្ដល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទី២- បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។
ទី៣- ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា. ២០២៣- (Visit Cambodia Year 2023) ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការ ស្ដារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការ រៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបាន ផុលផុសនៅក្នុងឆ្នាំ២០២៣ នេះ។
ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។ ទី៥- បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុងការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង៕