ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ រថយន្តក្រុង២០០គ្រឿង របស់កូរ៉េខាងត្បូង អាចឲ្យរដ្ឋបាលរាជធានី ប្រតិបត្តិការទាន់ពេលវេលា

ភ្នំពេញ៖ រថយន្តក្រុងចំនួន២០០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាផ្លូវការហើយ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើធ្វើឡើងនាថ្ងៃ២៨ កុម្ភៈ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅខណ្ឌជ្រោយចង្វារ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើម របស់លោកបណ្ឌិត លី ជុងគឿន ដោយបានសម្រេចផ្ដល់ជំនួយជារថយន្តក្រុងចំនួន២០០គ្រឿង ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ។

លោកលើកឡើង ក្នុងក្របខណ្ឌផែនការមេដឹកជញ្ជូនសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើក កម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ តាមរយៈការសិក្សាផ្នែកបច្ចេកទេស លើការតភ្ជាប់រវាងតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងឈានទៅអនុម័តផែនទី បណ្តាញខ្សែរត់ មកទល់បច្ចុប្បន្នសរុប១៣ខ្សែ ប្រើប្រាស់រថយន្តក្រុងសរុប ចំនួន២៣៥គ្រឿង។

លោកបញ្ជាក់ថា “អំណោយជារថយន្តក្រុង ចំនួន២០០គ្រឿងនេះ ពិតជាមានសារៈសំខាន់ ដែលអាចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ សម្រាប់ធានានូវប្រតិបត្តិការ បានទាន់ពេលវេលាឆ្លើយតបទៅនឹង តម្រូវការនៃការប្រើប្រាស់សេវារថយន្តក្រុង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច-សង្គម ត្រូវបានបើកដំណើរ ការពេញលេញឡើងវិញ ពិសេសគឺជួយសម្រួលដល់ការធ្វើដំណើរ ក្នុងអំឡុងពេលការរៀបចំ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលរាជធានីភ្នំពេញ គឺជាមូលដ្ឋាននៃការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ” ។

លោកបន្តថា រថយន្តក្រុងថ្មីនេះ ក៏នឹងរួមចំណែកធានានូវស្ថិរភាព និងនិរន្តរភាព នៃការផ្ដល់សេវាដឹកជញ្ជូន។ លោកទៀតថា មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរ តាមរថយន្តក្រុង មានប្រមាណជិត៣០.០០០នាក់ ។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ នឹងធ្វើឲ្យស្ថានភាព ចរាចរកាន់តែកកស្ទះណែន ណាន់តាន់តាប់ខ្លាំងឡើង ដូចនេះ រថយន្តក្រុងថ្មី២០០គ្រឿងនេះ នឹងរួមចំណែកកាត់បន្ថយឲ្យបានជាអតិបរមា នូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

ក្នុងនោះដែរ លោកបណ្ឌិត លី ជុងគឿន បានលើកឡើងថា មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០ គ្រឿងជូនមករដ្ឋបាលរាជធានី ដើម្បីរួមចំណែកដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅភ្នំពេញ ពិសេសកាត់បន្ថយហានិភ័យ ដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុខភាព និងអាចអានសៀវភៅបានថែមទៀត។

ជាមួយគ្នានេះ លោក ផាក ជុងវុក មានប្រសាសន៍ដែរថា រយៈពេលជាង១ខែ ដែលលោកបានមកដល់ភ្នំពេញ ពិតជាបានមើលឃើញពីការអភិវឌ្ឍ រីកចំរើនខ្លាំងរបស់រាជធានីភ្នំពេញ ហើយរថយន្តក្រុង ទាំង២០០គ្រឿងនេះ នឹងរួមចំណែកនៃការអភិវឌ្ឍ ដោយរក្សាបានបរិស្ថានល្អ ជាមួយនិងការសន្សំសំចៃថវិកាបានមួយផ្នែកទៀត ។

លោកបញ្ជាក់ថា កម្ពុជា និងប្រទេសកូរ៉េ មានទំនាក់ទំនង សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុង ទាំង២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំង២ឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕

To Top