ព័ត៌មានជាតិ

ប.ស.ស. ចូលរួមអនុវត្តប្រកបដោយជោគជ័យ នូវកញ្ចប់វិធានការ ១០ជុំ ក្នុងការដោះស្រាយ ផលប៉ះពាល់ពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ សម្រេចបានប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្ដីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្ដិសុខសង្គម ។ 

ក្នុងនោះ លោកបណ្ឌិតជាពិសេសសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដែលបានរួមចំណែក គ្រប់សកម្មភាព ដើម្បីឱ្យអង្គភាពមួយនេះ ទទួលបាននូវលទ្ធផលគួរជាទីមោទកៈរហូតមកដល់ពេលនេះ ពិសេសការបម្រើសេវាសង្គមជូនដល់សមាជិករបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលល្អប្រសើរ  ពិសេស គឺការចូលរួមអនុវត្តប្រកបដោយជោគជ័យ នូវ

កញ្ចប់វិធានការចំនួន ១០ជុំ ក្នុងការដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្រ សហគ្រាស មិនបង់ភាគទានធានារ៉ាប់រង ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព មក ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីកម្ម ហើយកម្មករនិយោជិត នៅតែទទួលបាននូវការធានា

រ៉ាប់រងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដដែល និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ

និយោជិតដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរដ្ឋបាល ព្រមទាំងការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីអាចទៅទទួលបានការថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ។

ជាមួយគ្នានឹងការថ្លែងឡើងខាងលើនេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរនាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតរដ្ឋមន្រ្តីបានបន្តទៀតថា៖ បន្ថែមលើសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមដ៏ជោគជ័យរបស់ ប.ស.ស. កន្លងមក ថ្មីៗនេះ ប.ស.ស. សម្រេចបាននូវការសាងសង់អគារថ្មីរបស់ខ្លួន ដែលនេះគឺជាសមិទ្ធផលដ៏ធំមួយ ក្នុងការជួយឱ្យ ប.ស.ស. កាន់តែអាចពង្រីក និងវិវត្តន៍ខ្លួនទៅមុខកាន់តែលឿន ក្នុងការបម្រើសេវាជូនសមាជិករបស់ខ្លួន កាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលាផងដែរ។

លោកបណ្ឌិតរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលទាំងអស់នេះ បា នឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីការរីកចម្រើននៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល នាពេលខាងមុខ និងបានឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងទៀតថា តាមរយៈការអនុវត្តការងាររបស់ខ្លួន ប្រកបដោយភាពជោគជ័យ ក្នុងរយៈ ពេលជាង១០ឆ្នាំកន្លងមកនេះ ប.ស.ស. កម្ពុជា ក៏បានទទួលនូវពានរង្វាន់ឆ្នើម ជាច្រើនផងដែរ ពីសមាគមសន្ដិសុខសង្គមអាស៊ាន ដែលក្នុងនោះប.ស.ស. កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសិក្ខាសាលាថ្នាក់អាស៊ាន ស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍ ដល់បណ្ដាប្រទេសជាសមាជិកអាស៊ានសម្រេចបានជោគជ័យ ជាមួយនឹងការទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ានផងដែរ។

ក្នុងឱកាសសន្និបាតនាព្រឹកនេះផងដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួន ៣ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ទាំងវិស័យឯកជន និងវិស័យសាធារណៈ។ ក្នុងនោះសម្រាប់វិស័យឯកជនផ្នែកហាននិភ័យការងារបានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧៨២១សហគ្រាសមានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនចំនួន១៤ ៣៥២សហគ្រាស មានសមាជិក២ ៥៨៤៧០៦នាក់។

ដោយឡែកសម្រាប់វិស័យសាធារណៈ គិតរហូតមកដល់ពេលនេះ បានចុះបញ្ជីផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់ និងផ្នែកថែទាំសុខភាពចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់។

លោកប្រតិភូ បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្រី្ដនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២២.៤៧ ប៊ីលានរៀល ក្នុងស្រ្តីសម្រាលកូនជាម្ដាយមានចំនួន៥៥ ៧៧០នាក់ និងមានកូនសរុបចំនួន ៥៦ ១៧៣នាក់។

សូមបញ្ជាក់ថា៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រីជាថ្នាក់ដឹកនាំ ប.ស.ស. រាជធានី ខេត្ត សរុបប្រមាណ ៤០០នាក់៕

To Top