“ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំនិងភរិយារបស់ខ្ញុំបានចូលគាល់ព្រះករុណាព្រះបាទសីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុម្ដងទៀតនៅថ្ងៃនេះ ទីនេះគឺផ្ទះរបស់ទ្រង់ សូមស្វាគមន៍យាងអញ្ជើញមកផ្ទះវិញ”។ លោក Xi Jinping ប្រធានរដ្ឋចិនចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង និងសូមស្វាគមន៍ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងមកទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព ។
ក្រឡេកមកមើលប្រវត្តិសាស្រ្តវិញ តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជារយៈពេល ៦៥ ឆ្នាំមក ទោះជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណា ក៏ចំណងមិត្តភាពរវាងចិននិងកម្ពុជានៅស្ថិតស្ថេរគង់វង្សជារៀងរហូត ហើយទំនាក់ទំនងរវាងចិននិងកម្ពុជាបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ ។ ក្នុងជំនួបលើកនេះ លោក Xi Jinping បានថ្លែងដោយអារម្មណ៍រំភើបថា៖ “ផឹកទឹកត្រូវចេះនឹកដល់ប្រភព យើងត្រូវអរគុណចំពោះមិត្តភាពដ៏ជ្រាលជ្រៅដែលបានបង្កើតឡើងនិងពូនជ្រំដោយមេដឹកនាំជំនាន់មុនៗរបស់ចិននិងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ”។
ឆ្នាំ ១៩៥៨ សម្ដេចម៉ែបានអមដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុទៅកាន់ប្រទេសចិនជាលើកដំបូង ហើយបានបង្កើតចំណងនិស្ស័យដែលមិនអាចកាត់ផ្ដាច់បានជាមួយប្រទេសចិនតាំងពីពេលនោះមក ។ក្រុង Kunming ក្រុង Nanjing ក្រុង Shanghai ក្រុង Tianjin ក្រុង Xi’an…
សម្ដេចម៉ែបានអមដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុយាងទៅកាន់កន្លែងជាច្រើននៅប្រទេសចិន ហើយបានគាំទ្រយ៉ាងសកម្ម និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ។
សព្វថ្ងៃនេះ ព្រះរាជវង្សានុវង្សកម្ពុជានៅតែរក្សាការផ្លាស់ប្តូរជាញឹកញាប់ជាមួយមេដឹកនាំរបស់ចិន ដូចជាទៅសួរសុខទុក្ខសាច់ញាតិអ៊ីចឹង ។ ទ្រង់តែងយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍របស់ចិន ហើយសម្ដេចម៉ែតែងតែទតមើលកម្មវិធីព័ត៌មានCCTVរបស់ចិនជាញឹកញាប់។
ឆ្នាំ ២០២០ លោក Xi Jinping បានផ្តល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ ដោយថ្លែងអំណរគុណចំពោះការរួមចំណែកពិសេសរបស់ទ្រង់ក្នុងបុព្វហេតុមិត្តភាពរវាងចិននិងកម្ពុជា ។ ក្នុងជំនួបលើកនេះ លោកប្រធានរដ្ឋ Xi បានរំពឹងថា៖ ”យើងនឹងបន្តជំរុញមិត្តភាពរវាងចិននិងកម្ពុជា ធ្វើឱ្យចំណងមិត្តភាពរវាងចិននិងកម្ពុជាបានបន្តវេនពីជំនាន់មួយទៅមួយជំនាន់ ដើម្បីសរសេរជំពូកថ្មីក្នុងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា។
“ពេលចូលគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ លោក Xi Jinping បានថ្លែងថា ក្នុងដំណើរថ្មីក្នុងយុគសម័យថ្មី យើងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជាក្នុងការខិតខំប្រឹងប្រែងបង្កើត ”ក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ពេជ្រ ៦ ជ្រុង” គាំទ្រដល់ភាគីកម្ពុជាក្នុងការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងអង្ករ” និងពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា។
ភាគីចិននឹងបន្តគាំទ្រដល់ភាគីកម្ពុជាក្នុងការងាររបស់”ក្រុមការងាររបស់ព្រះមហាក្សត្រ” ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ។
សម្តេច ហ៊ុន សែនគឺជាមេដឹកនាំបរទេសដំបូងគេដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំថោះ។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ពេល ជួបជាមួយសម្តេច ហ៊ុន សែន លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៦ ដូចជា នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខនិងមនុស្សជាតិ ហើយខិតខំប្រឹងប្រែងក្នុងការកសាង “ពេជ្រ៦ជ្រុង ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា បង្ហាញពីឆន្ទៈរបស់ភាគីចិនក្នុងការធ្វើការជាមួយភាគីកម្ពុជាមានឆន្ទៈដោយស្មោះក្នុងការចាប់ដៃដើម្បីកសាងសហគមន៍វាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ៕