ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អង្គការ FATF ដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ គឺជាសមិទ្ធផលមួយ នឹងរួមចំណែកបង្កើនជំនឿទុកចិត្ត ពីសំណាក់វិនិយោគិន មកធ្វើពាណិជ្ជកម្ម នៅកម្ពុជា ។

ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីស បានប្រកាសដក ប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យ ខាងលាងលុយកខ្វក់ ។ កម្ពុជា ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស មានហានិភ័យ ខាងលាងលុយកខ្វក់ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក ។

នាឱកាសអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំយកចិត្តទុកដាក់ដោះស្រាយនូវ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀនខុសច្បាប់ រួមទាំង ការងារពាក់ព័ន្ធទៅនឹង ការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
លើសពីនេះ សម្ដេច ក៏បានលើកឡើងអំពីសមិទ្ធផលថ្មីៗនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាន គឺការសម្រេចរបស់អង្គការ FATF ក្នុងការដកកម្ពុជា ចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យ សម្អាតប្រាក់ ។ សម្ដេច ចាត់ទុកថា «នេះគឺជាសមិទ្ធផលមួយ ដែលនឹងរួមចំណែក ដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា»។

សម្ដេច បានថ្លែងអំណរគុណ ចំពោះអង្គការ FATF ដោយក្នុងនោះ សហរដ្ឋអាមេរិក ក៏ជាសមាជិកមួយ នៅក្នុងអង្គការនេះ ដែរ ហើយអង្គការបាន ផ្ដល់នូវការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចដកកម្ពុជា ចេញពីបញ្ជីប្រផេះនេះ។

ឆ្លៀតឱកាសនោះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានប្រាប់គណៈប្រតិភូអាមេរិកថា តាមរយៈបទពិសោធន៍ នូវការបោះឆ្នោតជាច្រើនលើកកន្លងមកទាំង គណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរ កាន់តែមានភាពចាស់ទុំ ចំពោះការប្រកួតប្រជែង ក៏ដូចជា ការចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ។
ជុំវិញការបោឆ្នោតនៅឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានប្ដេជ្ញាធ្វើយ៉ាងណារក្សាបរិយាកាសសង្គម ឱ្យបានល្អប្រសើរ ដើម្បីបម្រើឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហឹង្សា និងស្របតាមគោលការណ៍ លទ្ធប្រជាធិបេតយ្យ សេរី ពហុបក្ស។

លោក ម៉ៃឃើល មីចាឡាក់ (Amb. Michael Michalak) តំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ក៏បានថ្លែងអំណរគុណចំពោះ សម្ដេច ស ខេង បានផ្ដល់នូវព័ត៌មានបច្ចុប្បន្នភាព ក៏ដូចជាព័ត៌មានមួយចំនួនអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ច សន្ដិសុខ និងនយោបាយនៅកម្ពុជា ៕
