ភ្នំពេញ ៖ ព្រឹទ្ធសភាជាតិ បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តច្បាប់ និងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទប់ស្កាត់អតិផរណា ហើយធ្វើឲ្យសេដ្ឋកិច្ច របស់ប្រជាពលដ្ឋ បានងើបឡើងវិញជាបណ្ដើរ បន្ទាប់ពីធូរស្រាលនៃជំងឺកូវីដ-១៩ ។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងចន្លោះសម័យប្រជុំលើកទី៩ នីតិកាលទី៤ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការក្រុមភូមិភាគ និងសមាជិកព្រឹទ្ធសភា បានជួបពិភាក្សាការងារ ជាមួយក្រសួងស្ថាប័ននានា និងចុះតាមបណ្ដារាជធានីខេត្ត ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ព្រមទាំងការអនុវត្តសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យ ដោយឆ្លុះបញ្ចាំងតាមដំណើរ បេសកកម្ម ទៅតាមមូលដ្ឋាន ។

លោកបន្តថា «យន្តការព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការអនុវត្តច្បាប់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល ខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា បានទាន់ពេលវេលា បានធ្វើឲ្យសេដ្ឋកិច្ចជាតិ ងើបឡើង វិញយ៉ាងឆាប់រហ័ស ធានាបាននូវវឌ្ឍនភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស»។

លោក ម៉ម ប៊ុននាងបន្ថែមថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដោយដាក់របាយការណ៍ស្ដីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៃចន្លោះសម័យប្រជុំលើកទី៩ ទៅក្នុងរបៀបវារៈសម័យប្រជុំ នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ខាងមុខ ហើយព្រឹទ្ធសភានឹងលើកយករបៀបវារៈមួយទៀត ដើម្បីពិនិត្យ និងឲ្យយោបល់ គឺសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្នុងសម័យប្រជុំនេះផងដែរ ៕


