ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះ ដូចមុនទៀតហើយ ក្រោយពីស្ពានអាកាសឬស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានស្ថាបនាស្ទើរួចរាល់១០០ភាគរយ និងត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី អនុញ្ញាតជាគោលការណ៍ ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះតទៅ ដោយក្នុងនោះ ពលរដ្ឋជាច្រើន ចាប់ផ្តើមប្រើប្រាស់នូវសមិទ្ធផលថ្មីស្រឡាងនេះផងដែរ ។

គួរឲ្យដឹងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឬស្សីកែវ ។ ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កំពស់៥ម៉ែត្រ ដោយហោះ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននិងកំពុងសាងសង់ បានជិតរួចរាល់ដែរ៕




