ព័ត៌មានជាតិ

លោកហ៊ុន ម៉ានី អំពាវនាវឲ្យសមាជិក ស.ស.យ.ក ស្វែងយល់បន្ថែម ពីលក្ខណៈសម្បត្តិពេញលេញ ក្នុងភាពជាអ្នកដឹកនាំរបស់ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលត្រូវជាកូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យសមាជិក ស.ស.យ.ក ស្វែងយល់បន្ថែម ពីលក្ខណៈសម្បត្តិពេញលេញ ក្នុងភាពជាអ្នកដឹកនាំរបស់ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ។

ថ្លែងក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក.កាលពីថ្ងៃ២៨ កុម្ភៈលោកហ៊ុន ម៉ានី បានលើកឡើងថា «ការគិតគូរ ជ្រើសរើសបេក្ខភាពបងណែត (ឯកឧត្តម ហ៊ុន ម៉ាណែត) ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ផ្អែកជាចម្បងលើការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព »។

លោកបានអំពាវនាវឲ្យសមាជិក សមាជិកា ស.ស.យ.ក ស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិពេញលេញ ក្នុងភាពជាអ្នកដឹកនាំរបស់លោកហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយស ស.ស.យ.ក និងជាបេក្ខភាព នាយករដ្ឋមន្រ្តីនាពេលអនាគត ។

លោកថា លក្ខណៈសម្បត្តិ របស់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ជាមួយមូលហេតុមួយចំនួនសម្រាប់ជាការពិចារណា៖ គឺចំណុចទី១- ការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស ការជ្រើសរើសលោក ហ៊ុន ម៉ាណែតជាបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត មិនមែនជារឿងបន្តពីឪពុក មកកូន ក៏មិនមែនជាការចៃដន្យនោះទេ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ របស់គណបក្ស ប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍជាតិ ។ ការជ្រើសរើសនេះ កើតក្រោយពីមាន ការវាយតម្លៃ លើគ្រប់លក្ខណៈសម្បត្តិ និង សមត្ថភាព ដោយថ្នាក់ដឹកនាំ ក្នុងជួរគណបក្ស ប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញ ទំហឹងនៅក្នុងក្របខណ្ឌផ្ទៃក្នុង គណបក្ស ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោត ជាឯកច្ឆន្ទនៅក្នុងសន្និបាតគណៈកម្មាធិការ កណ្ដាលរបស់គណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ចំណុចទី២-ជាការគាំទ្រពីមជ្ឈដ្ឋានមហាជន និងការទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព ៖ មានមនុស្សមិនតិចទេធ្លាប់បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយលោក ហ៊ុន ម៉ាណែត និងបង្ហាញពីការគាំទ្រ យ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន ។

លោកបន្ថែមថាដោយឡែក ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែតបានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុត របស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្ម របស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។

ចំណុចទី៣-កិច្ចការក្នុងក្របខណ្ឌអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត តែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាង ឲ្យក្រសួងការពារជាតិជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់ ក៏ដូចជាជាមួយបណ្តា ប្រទេសជាមិត្ត ដែលនេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់លោក ហ៊ុន ម៉ាណែត ជាមួយការគាំទ្រពីបណ្តាថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ ។
លោកបន្ថែមថា ជារួមការថ្លឹងថ្លែងលើបេក្ខភាពលោក ហ៊ុន ម៉ាណែត កើតចេញពីការគិតគូរវែងឆ្ងាយ លើភាពយូរអង្វែង នៃការដឹកនាំប្រទេស ទាំងសមត្ថភាព ចំណេះដឹង សិល្បៈនៃការដឹកនាំ ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង ដែលសំដៅដល់ សមត្ថភាព នៃការដឹកនាំប្រទេស ប្រកបដោយវិបុលភាព ជាមួយការរក្សាបានស្ថិរភាពសង្គមនយោបាយ សន្តិភាព និង ធានានិរន្តរភាព នៃការរីកចម្រើន របស់ប្រទេសជាតិ ជាបន្តទៅអនាគត៕

To Top