ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ ៖ តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុត សម្រាប់អនាគត នៃសង្គ្រាមនៅអ៊ុយក្រែន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុត សម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគត នៃសណ្តាប់ធ្នាប់ពិភពលោក ។

ការថ្លែងបញ្ជាក់របស់ប្រមុខការទូតខ្មែរបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាមហាអំណាច សេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ប្រទេសចិនកាន់តែមាន ទំនុកចិត្តលើសមត្ថភាព អំណាច និងឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ និងពិភពលោក។ ចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនូវ «មហាប្រទេសសង្គមនិយម ទំនើបលើគ្រប់វិស័យ» តាមលក្ខណៈពិសេសរបស់ចិន ដែល «គ្មាននរណាអាចរារាំងបានឡើយ»។ អាស្រ័យដោយកំណើន សេដ្ឋកិច្ចខ្ពស់ និងស្ថេរ ក្នុងរយៈពេលច្រើន ទស្សវត្សជាប់ៗគ្នា ប្រទេសចិនបានដើរតាមទាន់ស.រ.អ. សឹងគ្រប់វិស័យ។ ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន នៅតំបន់ជាច្រើនលើពិភពលោក មានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់ ។ ចិនជាដៃគូសំខាន់បំផុតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់សឹងគ្រប់ប្រទេសនៅអាស៊ី ។ ចិនមានលទ្ធភាពបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ (BRI) ហើយថ្មីៗនេះទៀត កៀរគរ «ក្រុមមិត្ត» នៃ«គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» (GDI) ក៏ដូចជាបង្កើតនូវ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (GSI)។

លោកបន្តថា ជាមួយនេះ ចិនក៏ចាប់ដៃរុស្ស៊ី កសាងនូវទំនាក់ទំនងយុទ្ធសាស្ត្រ និង យោធា ដើម្បីឆ្លើយតបទៅនឹងសម្ពាធ និងការប្រឈម ដែលចេះតែកើនឡើង ជាមួយក្រុមប្រទេសខាងលិច ដែលបង្កឲ្យមាននូវស្ថានភាពមួយ ស្រដៀងគ្នានឹងសម័យកាលសង្គ្រាមត្រជាក់។ ចិន និងរុស្ស៊ី ក៏ចាប់ដៃគ្នាក្នុងការជម្រុញឲ្យ «ងាកចេញពីប្រព័ន្ធទូទាត់អន្តរជាតិដែលត្រួតត្រាដោយលោកខាងលិច» ដើម្បីកាត់បន្ថយហានិភ័យនៃការដាក់ទណ្ឌកម្មនានា ព្រមទាំងបង្កើននូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ផ្នែកបច្ចេកវិទ្យា និងលំហរអ៊ិនធឺណែត។

ប្រមុខការទូតខ្មែរ បញ្ជាក់ថា «ក្នុងបរិបទដែលសង្គ្រាម នៅអ៊ុយក្រែនបន្តវិវត្តន៍កាន់តែស្មុគ្រស្មាញ និងប្រកប ដោយគ្រោះថ្នាក់នោះតួនាទី និងការសម្រេច របស់ចិន នឹងមានសារៈសំខាន់បំផុត សម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក។ ប្រធានបទទី១ នៃការពិភាក្សារបស់យើង នឹងផ្តោតទៅលើផលប៉ះពាល់ នៃការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងនេះមកលើកម្ពុជា ការគិតគូរជាយុទ្ធសាស្ត្រ ការប្រកាន់គោល-ការណ៍ គោលជំហររបស់យើងក្នុងស្ថានភាពដ៏ស្មុគ្រស្មាញ និងគ្រោះថ្នាក់នេះ ដើម្បីការពារឲ្យបាននូវប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង» ៕

To Top