ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវពលរដ្ឋទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យ​បានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១ខែមីនា​ឆ្នាំ២០២៣ សម្ដេច ស ខេង អំពាវនាវ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ដើម្បីអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជា មូលដ្ឋានអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែ មានការរីកចម្រើនបន្តទៀត។

ចំពោះប្រជាពលរដ្ឋមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន សម្ដេច ស ខេង ណែនាំឱ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់ អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។

ជាមួយគ្នានេះ សម្ដេច បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។

សម្ដេច អះអាងថា មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេភូមិ មន្ត្រីសុខាភិបាលបម្រើការងារ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ និងធ្វើជាគំរូក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានដោយមិនរើសអើង និន្នាការនយោបាយ។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានអំពាវនាឱ្យបន្តរួមគ្នាខិតខំចូលរួម អភិវឌ្ឍមូលដ្ឋានដើម្បីកសាងស្រុក ឃុំ ភូមិអោយ កាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេច ក៏បានលើកទឹកចិត្ត ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចូលរួមជួយឧបត្ថម្ភគាំទ ដល់ការកសាងអភិវឌ្ឍមូលដ្ឋាន និងបន្តចូលរួមគាំទ្រដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ គ្រោះថ្នាក់ផ្សេងៗ និងប្រជាពលរដ្ឋដែលមានការ ខ្វះខាតក្នុងជីវភាពរស់នៅ និងជនងាយរងគ្រោះនានា ដើម្បីពង្រឹង និងលើកកម្ពស់សមធម៌ និងភាពសុខុដុម រមនានៅមូលដ្ឋាននានាក្នុងស្រុកបាណន់ ក៏ដូចជាក្នុងខេត្តបាត់ដំបងទាំងមូល៕

To Top