ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ អតីតបុគ្គលិក វិអូឌី ដាក់ពាក្យចូលធ្វើការរដ្ឋ២០នាក់ជាង ខណៈអ្នកមិនដាក់ អត់ទាន់ឃើញឡើងត្នោត

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ក្នុងចំណោម អតីតបុគ្គលិក នៃវិទ្យុវិអូឌី (VOD) ដែលជាផ្នែកមួយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ទាំង៥០នាក់ បានដាក់ពាក្យចូលធ្វើការរដ្ឋ តែចំនួន២៥នាក់ប៉ុណ្ណោះ ។

និយាយចំៗ ទៅកាន់អតីតបុគ្គលិកនៃវិទ្យុវិអូឌី ដែលនៅសេសសល់ មិនព្រមទៅដាក់ពាក្យចូលធ្វើការរដ្ឋ តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក សុខ ឥសាន បានថ្លែងដោយមិនសន្សំចៃមាត់ថា មិនទាន់ឃើញពួកគេទៅរៀនឡើងត្នោត ដើម្បីចាប់យកមកធ្វើជា មុខរបរនៅឡើយទេ ក្រោយវិទ្យុខ្លួនបានបិទជិតមួយខែមកនេះ ។

ក្រោយបិទការផ្សាយរបស់វិទ្យុវិអូឌី កាលពីអំឡុងដើមខែកុម្ភៈ ដោយមានក្តីអាណិតអាសូរ ដល់បុគ្គលិកជិត៥០នាក់ ដែលមានអ្នកខ្លះធ្វើការបាន២០ឆ្នាំ និងខ្លះទៀតជិត១០ឆ្នាំ និងខ្លះទៀត ទើបចូលហាត់ការនោះ សម្តេចតេជោ បានផ្តល់ឱកាសឲ្យបុគ្គលិកទាំងនោះ បំពេញបំពេញបែបនិង ឯកសារនានាតាមរយៈក្រសួងមុខងារសារធារណៈ ដើម្បីដាក់ពាក្យចូលបម្រើការងាររដ្ឋ នៅតាមក្រសួង-ស្ថាប័ននានាដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។ ប៉ុន្តែក្នុងពេលសម្តេចប្រកាសបែបនេះ មានអតីតបុគ្គលិកខ្លះលើកឡើងថា “សុខចិត្តទៅឡើងត្នោតល្អជាង”។

គិតមកដល់ថ្ងៃ២៨ កុម្ភៈដែលជាថ្ងៃផុតឱសានវាទកំណត់ដោយសម្តេចតេជោ ឈប់ទទួលពាក្យអតីតបុគ្គលិកវិអូឌីនោះ គឺមានត្រឹមតែ២៥នាក់ប៉ុណ្ណោះបានដាក់ពាក្យមកធ្វើការតាមការប្រកាសរបស់សម្តេច។ នេះបើតាមលោក សុខ ឥសាន នាថ្ងៃ២ មីនា ។

លោកគូសបញ្ជាក់ថា “បុគ្គលិកអតីតវិទ្យុវិអូឌី ជាង២០នាក់ បានមកចុះឈ្មោះនិងបំពេញ ឯកសារសុំចូលធ្វើការរដ្ឋ។ ដោយឡែក មួយចំនួនដែលនៅសេសសល់ មិនទាន់ឃើញមានម្នាក់ណា ទៅរៀនឡើងត្នោតឬស្រវ៉ាចាប់យកមុខរបរឡើង ត្នោតធ្វើស្ករនិងទឹកត្នោតជូរនៅឡើយ”។

លោកថា មុខរបរឡើងត្នោតធ្វើស្ករ និងធ្វើទឹកត្នោតជូរ ជាមុខរបរប្រពៃណីខ្មែរ តាំងពីយូរលង់មកហើយ តែចំពោះអតីតបុគ្គលិកវិអូឌី ខ្លាចតែមិនហ៊ានធ្វើ ដោយខ្វះបទពិសោធន៍និងមិនធ្លាប់ធ្វើមិនកើត ។ ដូច្នេះគួរតែទុកឲ្យមេ(លោក ប៉ា ងួនទៀង)វិអូឌី ធ្វើវិញប្រសើរជាង៕

To Top