ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដោយទាមទារធ្វើឱ្យបានត្រឹមត្រូវតាមរចនាបថខ្មែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ លើកទី២៥ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះរូបសំណាក ឬបដិមា គឺត្រូវបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ សម្រាប់គោរពបូជា។
សម្ដេច បញ្ជាក់ថា «ការកសាងរូបសំណាក ឬរូបបដិមា ទាមទារធ្វើឱ្យបានត្រឹមត្រូវ តាមរចនាបថ ព្រោះថា ប្រសិនបើកសាងនោះ មិនត្រូវក្បួតខ្នាត ហើយមានភាពមិនត្រឹមត្រូវ នៅពេលអភិសេក ដាក់ឱ្យប្រើប្រាស់រួចហើយ គឺគ្មានអ្នកហ៊ានវាយចោលទេ គេខ្លាចគ្រោះតាមជំនឿ»។
សម្ដេច បន្ដថា នៅពេលដែលអភិសេកហើយនោះ គ្មានអ្នកណាគេទៅប៉ះពាល់ទេ ដូច្នេះរូបនេះបន្សល់ទុក ១០០ ឬ ២០០ឆ្នាំទៅមុខ លើកលែងតែ ប៉ុល ពត ទេ ដែលវាយចោល ក្រៅពីនោះគ្មានអ្នកណាវាយចោលទេ។ ដូច្នេះស្នើឲ្យក្រសួងវប្បធម៌យកចិត្តទុកដាក់ចំពោះបញ្ហានេះ។
សម្ដេច បញ្ជាក់ទៀតថា «អីចឹងទេ របស់នោះ (រូបសំណាក ឬបដិមា) បានបន្សល់ទុករាប់រយឆ្នាំ ទៅខាងមុខទៀត ដែលនាំទៅឲ្យក្មេងជំនាន់ក្រោយ អាចយល់ខុសអំពីទម្រង់ខ្មែរពិតប្រាកដយ៉ាងណា យើងគ្រាន់តែបញ្ហាទាក់ទិនជាមួយនឹងរូបបដិមា អីជាដើម ឬក៏រូបសំណាកស្អីៗនេះ តែចេញឡើងគឺពេលដែលអភិសេកហើយ អត់មានអ្នកណាទៅប៉ះពាល់បានទេ អីចឹងរូបនេះគឺបន្សល់ទុកមួយរយ ពីររយឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ហើយក្រៅពីនោះអត់នរណាហ៊ានវាយទេ»។
សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ក្នុងចំណោម ១លាន ៥សែននាក់ នៃសិស្សដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល គឺនឹងត្រូវទុក ២ ទៅ ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្ដុះបណ្ដាលនូវមរតកដូនតា។
សម្ដេច បានថ្លែងឱ្យដឹងថា «ខ្ញុំខ្លាចបំផុត នូវការបាត់បង់នោះគឺដោយសារតែសម្ភារៈទំនើប អ្វីក៏ទំនើប បោះបង់ចោល នូវទំនៀមទម្លាប់ និងរបស់របរដែលយើងធ្លាប់មានពីអតីតកាល»៕