ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​​ដែល​ថ្នាក់ដឹកនាំ មន្ត្រី​និង​បុគ្គលិក​ក្រសួងការបរទេស​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ និង​សរសើរ​ដល់​វិភាគទាន​ដ៏​សំខាន់​ដែល​បាន​ចូលរួមចំណែក​ពី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ឆ្នាំ២០២២ ក្លាយជា​ឆ្នាំ​ជោគជ័យ​ក្នុង​ការងារ​ទូត​របស់​កម្ពុជា​យើង។សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាត​បាន​ពិនិត្យ​ពិភាក្សា​អំពី​សភាពការណ៍​តំបន់​ និង​ពិភពលោក វិភាគ​និង​វាយតម្លៃ​អំពី​ឥទ្ធិពល​និង​ផលប៉ះពាល់ ​នៃ​ការប្រែប្រួល​ដ៏​ជ្រាលជ្រៅ​ និង​ស្មុគស្មាញ​ខាង​ភូមិសាស្ត្រ​នយោបាយ យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​មកលើ​តំបន់​ និង​ប្រទេស​កម្ពុជា​យើង ដោយបាន​ពិចារណា​ និង​រិះរក​ជំរុញ​ការកែទម្រង់​ស្ថាប័ន​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការការងារ។​

សម្ដេច​តេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​កា​ទូត​របស់​យើង គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​យើង​នេះ​។​ទោះបី​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ជម្ងឺ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​បើក​ប្រទេស​ឡើងវិញ​ហើយក៏​ដោយ ប៉ុន្តែ​លេចឡើង​នូវ​បរិបទ​ថ្មីៗ​នៅ​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​វិស័យ​សុខាភិបាល​សាធារណៈ ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​បំផុត​ទាំង​២​កាន់​តែមាន​លក្ខណៈ​អួអាប់​ស្មុគស្មាញ​ឡើង​ទៀត​កាន់តែច្រើន​បង្ក​ជា​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​នានា​ក្នុង​តំបន់ ពិសេស​មកលើ​កម្ពុជា​យើង​។​

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា នៅជាប​ញ្ហា​សម្រាប់​អាស៊ាន​ហើយ​បន្ទុក​នៃ​ការជួយ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​បាន​ធ្លាក់​មកលើ​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ធ្លាក់ចុះ​ដុនដាប​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​កូរ៉េខាងជើង។​ ក្នុងពេល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​រក្សាបាន​ភាព​ស្ងប់ស្ងៀម​បង្គួរ បញ្ហា​តៃវ៉ាន់​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក ពិសេស​បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ដែល​កើតឡើង​ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​រឿង​ដ៏​រន្ធត់​ផ្នែក​សណ្តាប់ធ្នាប់​អន្តរជាតិ ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែល​មកដល់ពេលនេះ​បាន​បង្ក​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ រាប់លាន​នាក់​ភៀសខ្លួន​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ត្រូវបាន​បំផ្លាញ​។​

​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​ នៅ​តំបន់​ខាងលើ ​ពិតជា​បាន​ជះឥទ្ធិពល​ផ្ទាល់​ ឬ​ប្រយោល​មកលើ​កម្ពុជា​យើង​បង្ករ​ ជា​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព​និង​ការសម្រេចចិត្ត​នានា​ ខាង​នយោបាយ​របស់​យើង​ទាំង ​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ប៉ុន្តែ​ដោយសារ​ការប្រកាន់​ខ្ជាប់​គោលនយោបាយ​ការបរទេស​មួយ ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់​ ផ្អែកលើ​ផលប្រយោជន៍​ស្នូល ​របស់​ជាតិ​និង​ប្រជាជន​យើង យើង​បានប្រែក្លាយ​ការ​ប្រឈម​ឲ្យ ​ទៅជា​កាលានុវត្តភាព​និង​បានបង្ហាញ​ឲ្យ​ឃើញ​សុ​ឆន្ទៈ​ យ៉ាងពិត​ប្រាកដ​ក្នុង​ការគោរព​ច្បាប់​គោលបំណង​ និង​គោលការណ៍​ទាំងឡាយ ​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​ នៅក្នុង​ឱកាស​គម្រប់​ខួប​មួយឆ្នាំ​ នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ប្រទេស​ចិន ​បាន​ដើរតួនាទី​ឈានមុខ​មួយ ​ក្នុងការ​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​លើកឡើង​សំណើ​ដែលមាន ១២​ចំណុច ។​ កម្ពុជា​គាំទ្រ​សំណើរ​១២ ចំណុច​របស់​ប្រទេស​ចិន​ដោយសារ​សំណើ​របស់​ប្រទេស​ចិន​ចែង​អំពី​ការគោរព​ច្បាប់​អន្តរជាតិ​ គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​ដែលជា​វិធាន​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ​អធិបតេយ្យ ដូចជា​អធិបតេយ្យភាព បូរណភាព​ដែនដី​និង​ឯករាជ្យភាព​។​ សំណើ​ខាង​លើបានអំពាវនាវ​ ឲ្យ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ផ្នែក​យោធា ​ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​តាម​បទពិសោធន៍​សង្គ្រាម ​គឺជា​មធ្យោបាយ​ដ៏​អាក្រក់​បំផុត​ សម្រាប់​បញ្ចប់ឯ​បទ​ឈប់​បាញ់​ គឺជា​មធ្យោបាយ​ល្អ​បំផុត​ ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​។​សំណើរ​នេះ​ក៏បាន​អំពាវ​នាវ​ឲ្យ​ មាន​កិច្ចសន្ទនា​សន្តិភាព​និង​បញ្ឈប់​ទណ្ឌកម្ម​ ជា​ឯកតោភាគី​ផងដែរ​។​

សម្ដេចតេជោបន្តទៀតថា គោលការណ៍​ខាងលើ​ស្របគ្នា ​ជាមួយនឹង​ជំហរ​របស់​កម្ពុជា​បន្ថែ​ម​លើ​នេះ ​សំណើ​របស់​ចិន​ ក៏បាន​ផ្ដោតលើ​ទិដ្ឋភាព​មនុស្សធម៌​សន្តិសុខ​ស្បៀង​ និង​ស្ថាបនា​ឡើងវិញ ​ក្រោយ​ជម្លោះ​។​ កម្ពុជា​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ពិចារណា​ ដ៏​យកចិត្តទុកដាក់ ​ចំពោះ​សំណើរ​របស់​ចិន​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា ​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ និង​ការបំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​នាំ​ត្រឡប់មកវិញ​នូវ​សន្តិភាព​៕

To Top