ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានប្រារព្ធពិធីខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ«ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសថា ទិវាអន្តរជាតិនារី ៨ មីនា គឺដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនៈភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី និងដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ ជាពិសេស ដេីម្បីបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណ និងកោតសរសេីដល់យោធិននារីទាំងអស់ ដែលបានខិតខំអស់កំលាំងកាយ ចិត្ត បំពេញការងារបំរេីសង្គមជាតិ មាតុភូមិបានយ៉ាងល្អប្រសេីរនាពេលកន្លងមក៕