ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ៧៥គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  អមដំណើរដោយ លោក លោកស្រី ជាសមាជិក សមាជិកាគណ:កម្មាធិការសាខា នៅព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥ គ្រួសារ ក្នុងបរិវេណវត្តអម្ពនារាម ឃុំតាអុង ស្រុកចំការលើ  ។ 

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក ទូច ឆៃ បានឲ្យដឹងថា ជនងាយរងគ្រោះទាំងនោះ រួមមាន ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ ជនមានពិការភាព ១៨គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ មានជំងឺប្រចាំកាយ ៣ គ្រួសារ និងទ័លលំបាក ១៧គ្រួសារ។

ដោយភ្ជាប់ជាមួយក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខ  ពីលោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេស ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត នោះ លោក អ៊ុន ចាន់ដា ប្រធានសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៧៥ គ្រួសារ , ក្នុង ១ គ្រួសារ   ទទួលបាន អង្ករ ២៥ គ.ក្រ ទឹកត្រី ១យួរ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០ កំប៉ុង សាប៊ូ លុច្ស ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និងថវិកា ៥០,០០០ រៀល ៕

To Top