ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។  

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ និងការអរគុណចំពោះបេក្ខជនទាំងអស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣ នេះ មានបេក្ខជនចំនួន ៦.៣៩៩ នាក់ ក្នុងនេះ មាននារីចំនួន ២.៩៩៨ នាក់ ចូលរួមប្រលងប្រជែងនៅតាមមណ្ឌលចំនួន ៤ ក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាមោទកភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យដែលជាកម្លាំងបន្តវេន។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលង រួមមាន៖ ចំណេះដឹងទូទៅ, ភាសាអង់គ្លេស និងវិញ្ញាសារកាយសម្បទា ដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។ 

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត។ ជាមួយនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣, សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាធ្វើយ៉ាងណាឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។ 

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ នេះ ក្រសួងការពារជាតិ បានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០ នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន ១៥០នាក់ និង នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន ៣០នាក់៕

To Top