ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីវៀតណាម អរគុណសម្តេច ស ខេង និងថ្នាក់ដឹកនាំដទៃទៀត របស់កម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅកម្ពុជា 

បរទេស៖ លោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃសៅរ៍ បានទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហាណូយ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី Pham Minh Chính បានអះអាងថា ទោះបីស្ថានការណ៍អន្តរជាតិមានការវិវឌ្ឍន៍ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ក៏អ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាបានបន្តរួបរួម និងខ្លាំងក្លាថែមទៀត។ ជាការកត់សម្គាល់ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ តែងតែទទួលបានការយកចិត្តទុកដាក់ ជាពិសេសពីសំណាក់មេដឹកនាំនៃប្រទេសទាំងពីរ ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីទៀតផង។

លោក​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បន្ត​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ឆ្លង​ដែន និងសម្របសម្រួលក្នុងការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែលត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការនៅក្នុងកន្លែងលេងល្បែងខុសច្បាប់នៅកម្ពុជា។

នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអរគុណឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំដទៃទៀតរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសនោះ ហើយលោក Chính បានស្នើឱ្យពួកគេបន្តដឹកនាំការិយាល័យដែលមានការអនុញ្ញាត អនុវត្តវិធានការសមស្របដើម្បីជួយប្រជាជនវៀតណាម ដោះស្រាយការលំបាកក្នុងការស្នើសុំសញ្ជាតិ និងក្នុងកិច្ចការតាំងទីលំនៅថ្មី៕

ប្រែសម្រួលៈ ណៃ តុលា 

To Top