ព័ត៌មានជាតិ

សម្តេចតេជោ ៖ មានមិត្តបរទេសផ្តល់យោបល់ឲ្យកម្ពុជា លក់គយ៥០% បើមិនលក់អត់ផ្តល់ជំនួយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយរំលឹកថា មានមិត្តជាបរទេសមួយចំនួន បានផ្តល់យោបល់ឲ្យសម្តេចលក់គយ៥០% បើមិនលក់ទេ នឹងមិនផ្តល់ជំនួយឲ្យទេ ខណៈគយកម្ពុជា បានទទួលចំណូលជាង២០០លានដុល្លារ ជាមធ្យមក្នុងមួយខែ ។

សម្តេចតេជោ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិត វិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍ «ពួកអ្នកឯងមានសំណាង បានកើតនៅក្នុងប្រទេស អ្នកមានបានធ្វើឲ្យឯងជាអ្នកឯកទេសនេះ ឯកទេសនោះ មកបបួលខ្ញុំឲ្យលក់គយ។ វាមិនដែលម៉ែអាណា…គយវាជាប្រភេទសេវាអធិបតេយ្យ បែរគេមកប្រាប់យើងឲ្យដាក់លក់គយ ពាក់កណ្តាល ។ ប្រាប់ឲ្យដឹងគយមានទាំងការបំពាក់អាវុធ យន្តហោះ នាវាបណ្តេញ ហេតុអ្វីបានជាមកបបួលខ្មែរឲ្យធ្វើអីចឹង។ ពេលនេះ ខ្ញុំបានចារឲ្យបងគាត ឈុន (អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច)ទៀតថា អ្នកណាដែរចូលរួមប្រជុំ គឺខ្ញុំដកតំណែងទាំងអស់” ។

សម្តេចបានបន្តទម្លាយថា ពេលនោះអ្នកផ្តល់យោបល់ឲ្យកម្ពុជាលក់គយថា បើអ្នកណាមិនចូលប្រជុំនឹងមិនផ្តល់ជំនួយ ប៉ុន្តែសម្តេចបានប្រាប់ត្រឡប់ថា មិនចង់បានជំនួយបែបនេះទេ។ ពេលខ្មែរជាអ្នកកាន់ កាប់គយ ហើយមកដល់ពេលនេះចំណែកគយកម្ពុជាបានចំណូលជាង២០០លានដុល្លារ ក្នុងមួយខែជាមធ្យម។ បើសិនលក់ឲ្យគេ៥០% នោះចំណូលចូលជាតិនៅសល់តែ១០០លានដុល្លារ ។

សម្តេចបញ្ជាក់ថា« តើវាគួរទេអាហ្នឹង? វាមកប្រដៅក្បាលហ៊ុន សែន សុំទោសប្រដៅមិនបានទេ! ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិ ព្រះសង្ឃគ្រប់អង្គរ ជួនកាលខ្ញុំអាចបង្ហោះ ចេញក៏ថាបានដើម្បីបង្ហាញឲ្យដឹងពីចរឹកពុតត្បុត យកខ្មែរជាគំរូគេលក់គយ។ ម៉ែអាណាលក់សេវាអធិបតេយ្យ… គេគិតស្មានថាហ៊ុន សែន ស្រួលប្រដៅ។ ពេលហ្នឹងប្រជុំ នៅគណៈរដ្ឋមន្ត្រីតែខ្ញុំដកយកវិញភ្លាម» ។

ជាមួយគ្នានោះដែរ សម្តេចតេជោលើក ឡើងទៀតថា បើទោះបីជាចំណូលពន្ធគយកាត់ចេញ ដើម្បីឲ្យស្រប នៃគោលការណ៍ទំនាក់ទំនង ពាណិជ្ជកម្មសេរីអាស៊ាន តែងនៅតែចំណេញដដែលទោះបីជា១០០ ឬ២០០លានដុល្លារក៏ដោយ ប៉ុន្តែបើលក់ឲ្យគេ៥០%ចំណូលជាតិបាត់។

សម្តេចថា “គេបើមិនធ្វើតាមគេ ជំនួយនឹងបាត់ តែខ្ញុំថា យកទៅព្រាត់ប្រាស់ទីណាក៏យកទៅ យកឲ្យបាត់ទៅក្តៅដែរ!ទេឆ្កួតអី ផ្តួចផ្តើមឲ្យខ្មែរលក់គយ ដល់ខ្មែរមិនធ្វើតាមថាអីញ្ចេះ អីញ្ចុះ មិនផ្តល់ជំនួយឲ្យ ។ មិនផ្តល់ឲ្យល្ហីទៅ”៕

To Top