ភ្នំពេញ៖ អានសំបុត្រហើយ ពិតជាអាណិតកូនតូច អាយុទើបតែ៤ឆ្នាំ បែរជាត្រូវស្លាប់ទាំងមិនដឹងថា អ្វីជាអ្វី ក្រោយឪពុកបានយកកូន មកចង់ភ្ជាប់ជាមួយខ្លួនដើម្បីស្លាប់ទាំងអស់គ្នា ។ សំណេរបានបង្កប់អត្ថន័យពីការលំបាករបស់ខ្លួន ជាពិសេសរឿងលុកកាក់ ទើបខ្លួន ដាច់ចិត្តយកកូនទៅស្លាប់ជាមួយ ។

ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងនៅកណ្ដាលក្រុងពោធិ៍សាត់ ដោយមានករណីឃាតកម្ម ដោយឃាតកជាឪពុកបង្កើត បានចាប់ជនរងគ្រោះជាកូនចងដៃទៅក្រោយ ហើយធ្វើអត្តឃាតចងកជាមួយនឹងកូនខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំងពីរ ដោយបន្សល់បណ្ដាំសំបុត្រទុកឲ្យមើល។
ហេត្តការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនាថ្ងៃ៦ មីនា ។
បើតាមលោក វរសេនីយ៍ឯក មាស សំណាង នាយការិយាល័យនគរបាល ផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីប៉ុស្តិ៍នគរបាលរដ្ឋបាលថា មានករណីអត្តឃាតចងកសម្លាប់ខ្លួន ពីរនាក់ឪពុកនិងកូន នៅចង្រឹងបង្អូចបណ្ដាលឲ្យស្លាប់។ ភ្លាមនោះលោកបាននាំកម្លាំងជំនាញ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ព្រមទាំងការបំភ្លឺជុំវិញរឿងហេតុ សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះហុង ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បានស្លាប់បណ្តាលមកពីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន ។
ចំណែកកុមារាឈ្មោះ ចំរើន បញ្ញា អាយុ៤ឆ្នាំ ភេទប្រុស អាចស្លាប់បណ្តាលមកពីថប់ដង្ហើមដោយឪពុក ជាឃាតកបានចាប់កូន ហើយយកខ្សែភ្លើងទៅចងដៃទាំងពីរ នឹងចងក កូន ។ ករណីនេះជាករណីឃាតកម្ម ព្រោះសាកសពទាំងពីរ ស្លាប់លើសពី៣ម៉ោងឡើង ។
លោក មាស សំណាង នគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបញ្ជាក់ថា តាមសំដីរបស់ប្រពន្ធឈ្មោះ ចៅ ដារី អាយុ៣៦ឆ្នាំ ដែលនៅក្នុងបន្ទុកជាមួយគ្នាថា គាត់មានជំងឺខូចក្រលៀនជិតមួយឆ្នាំ គ្រូពេទ្យប្រាប់ ត្រូវព្យាបាលលាងក្រលៀនមួយអាទិត្យ២ទៅ៣ដង តែគាត់អត់លុយ ក៏គិតខ្លីសម្លាប់ខ្លួនហើយយកទាំងកូនប្រុស ស្លាប់ទៅជាមួយ ព្រមទាំងសរសេរ សំបុត្រទុកឲ្យមុន និងអត្តឃាតកូននិងខ្លួនគាត់ ៕





