ភ្នំពេញ ៖ ក្រុមការងារអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុល ចម្លាក់បង្កាន់ដៃនាគ ដែលសាងឡើងពីថ្មភក់ ចំនួន២ ប្រវែង៥០ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាល មុខប្រាសាទអង្គរវត្ត ដោយរៀបចំដាក់ទីតាំង ដើមឡើងវិញឲ្យបានមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរខាងមុខ ដើម្បីបើកឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា។
បើតាមអាជ្ញាធរជាតិអប្សរា ដកស្រង់សំដីលោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋាន ជួសជុលបានឲ្យដឹងថា ចម្លាក់បង្កាន់ដៃនាគទាំង២នេះ ស្ថិតក្នុងគម្រោងជួសជុលស្ពានហាល អង្គរវត្ត ហើយត្រូវបានរើចេញជាបណ្តោះអាសន្ន នាពេលកន្លងមក ។
លោកថា បច្ចុប្បន្ន ដោយសារគម្រោង ជួសជុលស្ពានហាលអង្គរវត្ត ត្រូវបញ្ចប់រួចរាល់ ក្រុមការងារត្រូវយកចម្លាក់បង្កាន់ដៃ នាគទាំងនោះមកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។
បើតាមអាជ្ញាធរជាតិអប្សរាដដែល គឺបង្កាន់ដៃនាគទាំងនេះ ធ្លាប់ត្រូវបានធ្វើការជួសជុលម្តងហើយក្នុងសម័យបារាំងនៅឆ្នាំ១៩៤៩ ដោយប្រើជើងទម្រចាស់ខ្លះ និងធ្វើជើងទម្រថ្មីខ្លះៗមកដំឡើងឡើងវិញ៕