ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលនានា ក្នុងវត្តអមរា

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមដែលមានវ័យជាង ២០០ ឆ្នាំនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាងកុសលផលបុណ្យរបស់ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។

លោក បានរំលេចជាទស្សនផ្ទាល់ខ្លួន វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។ ខណៈដែលវិទ្យាសាស្ត្រអាចជួយដោះស្រាយ និងបង្កើនកម្រិតជីវភាពប្រចាំថ្ងៃ ព្រមទាំងជាប្រភពដ៏សំខាន់នៃចំណេះដឹងថ្មីៗ គឺសាសនាអាចជួយបង្កើននូវគុណធម៌ និងសីលធម៌ ដែលជាជំនាញផ្នែកទន់ដ៏ចម្បង ក្នុងការលើកកម្ពស់គុណតម្លៃរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះ ការបញ្ចូលចំណេះដឹងផ្នែកសាសនាបន្ថែមលើចំណេះដឹងទូទៅនៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាប្រកបដោយសក្តានុពលខ្ពស់ ដែលមូលដ្ឋាននៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលអនាគត។

លោក បានលើកឡើងបន្ថែមថា សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង ៤០ ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់កាលថ្មីៗនេះ សម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការគិតគូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩ នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាព រហូតមកដល់បច្ចុប្បន្ន។ ដរាបណាប្រជាជនកម្ពុជា នៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្ត នោះ សម្តេចតេជោ នៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ រួមជាមួយនឹងការជ្រោងកិត្យានុភាពជាតិ ឱ្យកាន់តែខ្ពស់ទ្បើង នៅលើឆាកអន្តរជាតិ៕

To Top