ព័ត៌មានជាតិ

វៀតណាមសរសើរកិត្យានុភាព និងតួនាទីកម្ពុជាលើឆាកអន្តរជាតិក្នុងការស្វែងរក ដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក

ភ្នំពេញ ៖ លោក ផាម មិញជិញ នាយករដ្ឋមន្ដ្រី និងលោក វ៉ វាន់ធឿង ប្រធានរដ្ឋវៀតណាម បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងស្វែងរកដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានា ក្នុងតំបន់ និងសកលលោក តាមរយៈតួនាទីធ្វើជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ លោក ផាម មិញជិញ និងលោក វ៉ វាន់ធឿង បានថ្លែងបញ្ជាក់ថា «សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេស កិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលលោក តាមរយៈតួនាទីដ៏ឧត្តុង្គឧត្តមជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២ កន្លងទៅ»។

លើសពីនេះ លោកទាំងពីរ ក៏បានជូនពររាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យចំពោះការប្រារព្ធ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗក្នុងឆ្នាំ២០២៣នេះ រួមមាន ការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រី និងប្រធានរដ្ឋវៀតណាម បានចូលរួមអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការលើ វិស័យអនុវត្តច្បាប់ គឺកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់ ជាពិសេសក្នុងបរិបទនៃការប្រែប្រួលស្មុគស្មាញ នូវសភាពការណ៍សន្តិសុខសកល និងបានរួមចំណែកធានាដល់ការសម្រេចបានកំណើនទំហំពាណិជ្ជកម្ម ទ្វេភាគី ដែលបម្រើដល់ការអភិវឌ្ឍ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា នាយករដ្ឋមន្ដ្រីវៀតណាម និងប្រធានរដ្ឋវៀតណាម ក៏បានវាយតម្លៃខ្ពស់ និងឯកភាពជំរុញអនុវត្តបណ្ដាយន្តការសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ឱ្យកាន់តែសកម្មផុលផុស រួមទាំង យន្តការកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសុវត្ថិភាពសង្គម ជាពិសេសកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង ការចាត់តាំងអនុវត្តសកម្មភាពនានានៅក្នុងផែនការសហប្រតិបត្តិការឆ្នាំ២០២២ រួមទាំង ការផ្លាស់ប្តូរប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងអនុវត្តច្បាប់៕

To Top