ព័ត៌មានជាតិ

អាកាសយានដ្ឋាន សៀមរាបអង្គរថ្មីសម្រេចបាន៨៦% គ្រោងដាក់ឱ្យហោះហើរ សាកល្បងនៅ​ពាក់​កណ្ដាលឆ្នាំនេះ​

ភ្នំពេញ ៖ នាឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group បានលើកឡើងថា រហូតមកដល់ពេលនេះការសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរថ្មីសម្រេចបាន ៨៦% ហើយគ្រោងដាក់ឲ្យហោះហើរសាកល្បង នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក Liu minglin នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក Liu Minglin បានគោរពជម្របនជូន សម្ដេចតេជោ ថា «អំពីវឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ»។

លើសពីនេះ លោក អគ្គនាយក លើកឡើងអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ»។

សម្តេចតេជោ ក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕

To Top