ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ នឹង​មិនប្រើ​ប៊ិច ចុះ​ហត្ថលេខា ​ស្នើសុំលើកលែង​ទោស ​ឱ្យ​អ្នក​នយោបាយ ​ជាប់​ទោស​ព្រហ្ម​ទណ្ឌ​

ភ្នំពេញ ៖ នៅចំពោះមុខអង្គទូតនានា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាសិទ្ធិនារី ៨ មិនា បានបញ្ជាក់ថា សម្តេចមិនយកប៊ិច ទៅចុះហត្ថលេខា ចំពោះសំណើរលើកលែងទោស ដល់អ្នកនយោបាយណា ដែលមានកម្រិតទោសព្រហ្មទណ្ឌ ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុម ប្រឆាំងមានទាំងបរទេសមួយចំនួន បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះគ្រួសារសម្តេច ពិសេសករណីមរណភាព របស់ប្អូនថ្លៃ សម្តេច ។

ការប្រកាសរបស់សម្តេចនេះ ក៏ស្របពេលពីសប្តាហ៍មុន តុលាការបានចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរ នូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នាព្រឹកថ្ងៃ៧ មីនា សម្តេចតេជោបានលើកឡើងថា “នៅទីនេះមានអគ្គរដ្ឋទូត មានមិត្តបរទេស មួយចំនួនបានមកកាន់ទីនេះ ឯកឧត្តមអស់លោក លោកស្រី តើមានដឹងទេថា នៅពេលភរិយាខ្ញុំ និងខ្លួនខ្ញុំ ក្រុមគ្រួសារខ្ញុំ កំពុងសម្រក់ទឹក ភ្នែកស្តាយប្អូនស្រី ដែលបាត់បង់ជីវិតដល់លំបាក តែពួកគេបានចេញមកវាយប្រហារប្អូនស្រីខ្ញុំ ភរិយាខ្ញុំ និងក្រុមគ្រួសារខ្ញុំ បើសិនឯកឧត្តម លោកជំទាវ និងមិត្តបរទេស ជាខ្លួនខ្ញុំជាភរិយាយខ្ញុំ តើអ្នកទាំងអស់ គ្នាអាចទទួលបានទេ?”។

សម្តេចលើកឡើងថា “ការគ្រប់គ្រងរដ្ឋសម្តេចមិនផ្អែក លើកបញ្ហាមនោសញ្ចេតនានោះទេ ប៉ុន្តែការអនុវត្តច្បាប់ត្រូវតែមាន ។ អីចឹងអស់លោកអាច និយាយថាហ៊ុន សែនផ្តាច់ការ ហើយ ចូលចិត្តនិយាយតបតទៅកាន់អ្នកនេះ អ្នកនោះ តែអស់លោកអាចមើលដឹងនូវការបកស្រាយរបស់គេ ដែលវាយប្រហារមនុស្សទាំងស្លាប់ ហេតុអ្វីមនុស្សស្លាប់ ហើយវាយប្រហារអីចឹង?”

នៅចំពោះមុខបណ្តាឯកអគ្គរដ្ឋទូត ជាច្រើនដែលមានទីតាំងនៅកម្ពុជា សម្តេចតេជោបញ្ជាក់ថា «ខ្ញុំសូមប្រកាសមិនចុះហត្ថលេខាណាទាំងអស់សម្រាប់ការ លើកលើងទោសឲ្យពួកអ្នកនយោបាយ ដែលអនុវត្តកំហុសព្រហ្មទណ្ឌ ។ ដោយសារអាក្រក់ ជ្រុលហួសដូច្នេះគ្មានការលើកលែង ណាមួយទេ ! បើសិនខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្នើតិរិច្ឆាន អីចឹងខ្ញុំមិនធ្វើទេ ហើយ សូមរងចាំសម័យហ៊ុន សែនប្រើ ប៊ិចខ្លួនដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែង ទោសឲ្យជននេះ ឬជននោះ កុំស្រមៃ»។

សម្តេចបន្តថា សម្តេចមិនអាចទទួលយកការវាយប្រហារ បែបនេះបានទេ(ប្រមាថគ្រួសារសម្តេច) ។

ជាមួយគ្នានោះដែរសម្តេចលើកឡើងថា មានអ្នកខ្លះចោទសម្តេចថា មិនយោគយល់គេ ប៉ុន្តែគេមិនបាន យល់សម្តេចនោះទេ ។ ដូច្នេះបើសម្តេចកាន់អំណាច ហើយមិនប្រើអំណាចស្មើ នឹងមិនមានអំណាចក្នុងដៃ ។

សម្តេចគូសបញ្ជាក់ទៀតថា «អីចឹងទេសូមកុំសង្ឃឹមថា ហ៊ុន សែន ប្រើប៊ិចចុះហត្ថលេខា លើកលែងទោសឲ្យអ្នកណា ក្នុងករណីពួកអ្នកឯងធ្វើបែបនេះ។ នេះជារឿងដែលចាំបាច់ ដែលខ្ញុំប្រកាសថ្ងៃនេះ ។ ប្អូនថ្លៃខ្ញុំជាស្រី ប្រពន្ធជាស្រីហេតុអី បានគេប្រមាថដល់ថ្នាក់ហ្នឹង ហើយជនបរទេសមួយចំនួន បាននិយាយការពាការ អ្នកប្រមាថទៅវិញ ។ សូមប្រាប់ថាខ្ញុំ យល់គ្រប់គ្រាន់ហើយ ខ្ញុំសូមឲ្យយល់ពីសេចក្តីថ្លៃថ្នូ របស់កម្ពុជាខ្ញុំបានហើយ»

To Top