ស្វាយរៀង៖ មានមនុស្សចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារ ករណីទាហានចូលនិវត្តន៍ម្នាក់ស្រវឹងស្រាមានទំនាស់រឿងព្រំដីរបងជាមួយអ្នកជិតខាង បោកគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងកក្រើកដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនជនបង្ករបានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី យប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្ត បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់១នាក់ ប្រុស និងរបួសស្រាល ០៥ នាក់ ស្រី ០៤នាក់ (ក្មេង០២នាក់)។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង 6 នាក់ក្នុងហេតុការណ៍គ្រប់ៗបែកនេះរួមមាន៖
ទី១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)
ទី២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល)
ទី៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល)
ទី៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល)
ទី៥-ឈ្មោះ ព័ណ អុីមុី ភេទស្រី អាយុ ៣ឆ្នាំ (របួសស្រាល)
ទី៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល)
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។
មូលហេតុ៖ ជនសង្ស័យផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំដីរបងជាមួយអ្នកជិតខាង៕