ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ទន្លេ បានរួមចំណែកជំរុញការតភា្ជប់ រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាផងដែរ។
យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសពិធីបុណ្យទន្លេ លើកទី៧ ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» បានឱ្យដឹងថា ផ្លែផ្កានៃសន្តិភាព ក៏បានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន កម្ពុជា។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក វិស័យនេះក៏បានបង្ហាញភាពធន់នឹងវិបត្តិ ក្រោម វិធានការអន្តរាគមន៍ជាច្រើនរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ បញ្ជាក់ថា «ដោយឡែក ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង»។
សម្ដេចតេជោ បន្ដថា ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។
សម្ដេចតេជោ បញ្ជាក់ទៀតថា «ទន្លេ ក៏បានរួមចំណែកជំរុញការតភា្ជប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គាជាដើម»៕