ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ។

នាឱកាសអនុញ្ញាតឲ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មីអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ចូលជួបជូនសារតាំងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមាន ការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចមានជំនឿថា ក្នុងឋានៈលោក Mohammed Ismaeil A. Dahlwy ជាឯកអគ្គរាជទូតនឹងខិតខំ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទីគូសបញ្ជាក់ថា “ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ” ។

ក្នុងឱកាសនោះ លោក Mohammed Ismaeil A. Dahlwy បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ។

លោកក៏មានជំនឿថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យមានស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត នៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ៕

To Top