ព័ត៌មានជាតិ

តែងតាំងមន្ត្រី សុខាភិបាល ១៤នាក់ និង មន្ត្រីការិយាល័យផែនការ វិនិយោគ នៃរដ្ឋបាលខេត្ត ៦នាក់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសតែងតាំង មន្ត្រីសុខាភិបាល ចំនួន ១៤ នាក់ និងមន្ត្រីការិយាល័យ ផែនការវិនិយោគ នៃរដ្ឋបាលខេត្ត ចំនួន ៦ នាក់ ឡើងកាន់តំណែងថ្មី នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ នេះ ដែលពិធីនេះ ប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម មុនពេលបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះ ផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី សូមឱ្យខិតខំធ្វើការងារឲ្យបានល្អ សម្រេចឱ្យបានទៅតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានណែនាំ ៣ ចំណុចសម្រាប់ឲ្យមន្ត្រី ទើបទទួលតំណែងថ្មី ដើម្បីយកទៅអនុវត្តក្នុងនោះ ៖

ទី១ ៖ ត្រូវខិតខំបម្រើសេវាឲ្យបានល្អជូនប្រជាពលរដ្ឋ ទាំងសេវារដ្ឋបាលនិងសេវាសាធារណៈ ។

ទី២ ៖ ត្រូវពង្រឹងនូវឥរិយាបថ ឲ្យសាកសមជាមន្ត្រីផ្ដល់សេវា នឹងត្រូវស្គាល់អំពីតួនាទី របស់ខ្លួនឲ្យបានច្បាស់ ក្នុងការបំពេញការងារប្រកប ដោយការទទួលខុសត្រូវ នឹងត្រូវដាក់ចិត្តដាក់កាយ បម្រើប្រជាពលរដ្ឋ ទៅតាមជំនាញរបស់ខ្លួននីមួយៗ ។

ទី៣ ៖ ត្រូវខិតខំដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុង ពេលដែលយើងអនុវត្តការងារ ទាំងនៅក្នុងអង្គភាព និងនៅក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន ៖

ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។

ទី៣ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបិទចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

ទី៤ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ៨៥/២០ ស.ស.រ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ និងប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ១០៥/២០ ស.ស.រ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្មខេត្តកំពង់ចាម។

ទី៥ ៖ បញ្ហាផ្សេងៗ ៕

To Top