ព័ត៌មានជាតិ

ប្រធានគណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រ មិនឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ ៖ លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានប្រកាសគាំទ្រ សារសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការមិនឲ្យបរទេសណាលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ឬរបបណាមួយ ដែលកើតចេញពីការបោះឆ្នោត។

ប្រធានគណបក្សឯកភាពជាតិខ្មែរបានឲ្យដឹង នៅថ្ងៃទី៩មីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រដល់ សម្តេចនាយករដ្ឋមន្ត្រី ដែលបានរំលឹកដល់ប្រទេស មហាអំណាច និងសូមជំទាស់អ្នកនយោបាយដែល ពឹងបរទេសមកផ្តួលរដ្ឋាភិបាល ឬអ្នកនយោបាយថ្នាក់ដឹកនាំយើង មិនគាំទ្រទេ»។

លោកលើកឡើងថា ក្នុងនាមជាអ្នកនយោបាយវ័យក្មេងមួយរូប លោកមិនគាំទ្រការធ្វើនយោបាយ ជ្រកក្រោមលទ្ធិប្រជាធិបតេយ្យ ហើយពឹងបរទេសមកផ្តួលរំលំគ្នាទេ ប៉ុន្តែត្រូវការប្រកួតប្រជែងគ្នា ដោយគ្នាដោយសុចរិតតែប៉ុណ្ណោះ ។

ជាមួយគ្នានោះដែរ ប្រធានគណបក្សឯកភាពជាតិខ្មែរ ក៏បានអំពាវនាវដល់បណ្ឌិត បញ្ញវន្តមួយចំនួនដែលចង់ផ្តួលរំលំ ឬផ្លាស់ប្តូរ ដោយធ្វើការវិភាគចោទលើថ្នាក់ដឹកនាំ ដោយគាំទ្រលើចលនាផ្តួលរំលំ។

លោកគូសបញ្ជាក់ថា «បណ្ឌិត បញ្ញវន្តដែលវិភាគគាំទ្រលើ របបលន់ នល់ គាំទ្រខ្មែរក្រហមហើយធ្វើការគាំទ្រ ដើម្បីធ្វើរដ្ឋប្រហារទំលាក់ សម្តេចសីហនុគួរគិតឡើងវិញ ។ តើចំណេះអ្វីខ្លះ? វាបានធ្វើសង្គមជាតិវិលវល់»។
លោកបន្ថែមថា ដានប្រវត្តិសាស្ត្របានធ្វើឲ្យខ្មែររងទុក្ខ ហើយចុងក្រោយអ្នកដែលគាំទ្រ ឲ្យមានសង្គ្រាមនៅកម្ពុជា នោះគេប្រកាសមិនទទួលស្គាល់។ ដូច្នេះក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី ស្នើឲ្យអ្នកនយោបាយដែលធ្វើនយោបាយ ទៅពឹងបរទេស ដើម្បីប្តូរយកអំណាចគួរល្មមឆ្អិតឆ្អន់ហើយ «ខ្មែរធ្លាប់បាត់បង់ទឹក ខ្មែរស្លាប់រាប់ម៉ឺនរាប់លាននាក់ ឈាមហូរដាបពេញផ្ទៃប្រទេស ដោយអស់លោកពឹងបរទេសដើម្បីអំណាចល្មមឈប់ទៅ” ។

លោកប្រធានគណបក្ស ក៏ស្នើដល់បរទេសជាប្រទេសមហាអំណាច ធ្លាប់តែប្រកាសគាំទ្រ ឲ្យមានរដ្ឋប្រហារគួរល្មមឈប់ទៅ។

សូមជម្រាបថា សម្តេចតេជោ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានថ្លែងព្រមានទៅកាន់បណ្ដាប្រទេសដទៃកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើកម្ពុជាទៀត ព្រោះកម្ពុជាត្រូវតែរក្សាសុខសន្តិភាពឲ្យបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ សម្តេចបញ្ជាក់ថា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យសេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា ។ សូម្បីរឿងកំពង់ផែសមុទ្ររាម ក្លាយទៅជាកង្វល់របស់ពួកអ្នកឯងនៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្ដែអ្នកឯងបានបង្ហាញពីកង្វល់អំពីរបស់អ្នកឯង ប៉ុន្ដែអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌នៃការផ្ដួលរំលំ»៕

To Top