ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។
ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី ប្រតិភូក្រសួងធម្មការ និងសាសនា និងមានការនិមន្ត គ្រប់សមាសភាពនៃគណៈកម្មការប្រឡងជាច្រើនអង្គ-នាក់ផងដែរ។
បើតាមការបញ្ជាក់ពីលោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឱ្យដឹងថា ឆ្នាំនេះ មានបេក្ខសមណ: និងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានចំនួន១០៧អង្គ-នាក់ ស្មើនឹង៥បន្ទប់។
លោកបានបន្ថែមថា ចំណែកការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២៣នេះ គឺមានការយឺតយ៉ាវនិងលើកពេលប្រឡងមកដល់ថ្ងៃនេះ ដោយសារប្រទេសកម្ពុជាយើងជួបវិបត្តិជាសកលនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩តែមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩បានថមថយខ្លះ ទើបមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំការប្រឡងទៅតាមការណែនាំនិងជូនដំណឹងពីក្រសួងធម្មការ និងសាសនា ដើម្បីវាស់កម្រិតសមត្ថភាពដល់សមណៈសិស្សបេក្ខជន ក្នុងការពង្រឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យមានភាពរីកចម្រើននិងទទួលបានចំណេះដឹងដ៏ប្រសើរក្នុងការដឹកនាំវិស័យនេះឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ព្រះគ្រូ ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង បានមានថេរ:ដិការនឹង ផ្តាំផ្ញើដល់សាមណៈសិស្សបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែលបានសិក្សារយៈពេលកន្លងមក ដើម្បីសរសេរចម្លើយលើវិញ្ញាសាឲ្យបានត្រឹមត្រូវសម្រាប់ទទួលបាននូវលទ្ធផលជោគជ័យដែលបានសិក្សារយៈពេលកន្លងមកនេះ៕