ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អាជ្ញាធរថា បើចង់មានភ្ញៀវទេសចរក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធានាសន្ដិសុខឱ្យបាន

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អាជ្ញាធរថាបើចង់មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធានានៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើបង្កឡើងដោយអសន្ដិសុខណាមួយសម្រាប់ភ្ញៀវទេសចរ។

ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរាជធានី-ខេត្ត ត្រូវបន្ដយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ត្រូវជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ។

សម្ដេចតេជោ បន្ដថា ក្នុងន័យនេះ តំបន់ទេសចរណ៍ទាំងអស់ ត្រូវខិតខំថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។
សម្ដេចតេជោ មានប្រសាសន៍ថា «គ្មានទេសចរណាចង់ទៅលេងកន្លែង អស្ថិរភាពនោះទេ ដូច្នេះគ្រប់មូលដ្ឋានទាំងអស់ ភូមិ-ឃុំ ត្រូវយកការទទួលខុសត្រូវ បើខ្លួនចង់ឱ្យមានទេសចរទាំងជាតិ និងអន្ដរជាតិ ត្រូវធ្វើយ៉ាងណាធានាថា នៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើបង្កអសន្ដិសុខណាមួយសម្រាប់ភ្ញៀវទេសចរ»៕

To Top