ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការគិតគូរស្ដារបឹងទន្លេសាប តែពុំទាន់មានលទ្ធភាព 

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែនបានអះអាងថា សម្ដេច ធ្លាប់បានគិតគូរអំពីការស្ដារបឹងទន្លេសាបតែមិនទាន់អាចធ្វើទៅបានដោយសារខ្វះលទ្ធភាព។

នាឱកាសអញ្ជើញបើកជាផ្លូវការ នូវពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ប្រារព្ធធ្វើឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានការផ្តល់គំនិតធ្វើទំនប់ទប់ទឹកបឹងទន្លេសាបជារឿងមិនអាចធ្វើទៅបានឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «រឿងស្ដារទន្លេសាប មិនមែនជារឿងថ្មីថ្មោងទេ យើងមានការគិត ក៏ប៉ុន្ដែយើងបានទុនមកពីណា? នេះជាបញ្ហាដ៏ធំ ទន្លេសាបរបស់យើងចេះតែគោករាក់ វាជារឿងពិត ដែលទឹកហូរចូល នាំដីល្បាប់ បូករួមជាមួយស្លឹកឈើ»។

សម្ដេចតេជោ បន្ដថា បើមានប្រាក់គ្រប់គ្រាន់សម្ដេចមិនទុកឱ្យបឹងទន្លេសាបគោករាក់ឡើយ ប៉ុន្ដែគ្មានលទ្ធភាពធ្វើបែបនេះឡើយ ប៉ុន្ដែសម្ដេចបានដាក់ក្ដីរំពឹងនឹងប្រឹងជំន្នះ ដើម្បីបូមស្ដារធ្វើចរាចរណ៍តាមផ្លូវទឹក។

សូមរំលឹកថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅរដូវប្រាំង បឹងទន្លេសាបមានវិសាលភាពជាង ២,៥០០ គីឡូម៉ែត្រការ៉េ។ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ផ្ទៃបឹងទន្លេសាបបានពង្រីកវិសាលភាពចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ៕

To Top