ភ្នំពេញ ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ។
កម្មវិធីនេះ ក្នុងគោលបំណងជួយជ្រោមជ្រែង លើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។ ដោយដាក់តាំងលក់ផលិតផល ដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ៩ មីនា ។
ការដាក់តាំងបង្ហាញលក់ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងនេះ បានអនុវត្ដដោយជោគជ័យ ក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន២០។ នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដគម្រោងដដែល នៅក្នុងរាជធានី-ខេត្ដចំនួន១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩ ៕







