ព័ត៌មានជាតិ

ទូតអូស្ដ្រាលីថ្មី បន្ដពូនជ្រុំចំណងមិត្តភាព កម្ពុជា-អូស្ដ្រាលី សំដៅរួមចំណែក ការអភិវឌ្ឍគ្រប់វិស័យ

ភ្នំពេញ ៖ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា បានសន្យាបន្ដពូនជ្រុំចំណង មិត្តភាពរវាងកម្ពុជា-អូស្ដ្រាលី ឲ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែក ដល់ការអភិវឌ្ឍលើ គ្រប់វិស័យនៅកម្ពុជា ។

ការលើកឡើងរបស់ លោក Justin Kevin Whyatt នាឱកាសអញ្ជើញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី ជាមួយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផល ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេសលោក បានមើលឃើញជាក់ស្តែង អំពីការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអនុវត្តកម្មវិធី គាំពារសង្គម ប្រកបដោយជោគជ័យ ទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ និងផលវិបាក នៃសង្គ្រាមរវាង ប្រទេសរុស្សី និងអ៊ុយក្រែន។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «បន្ដពូនជុំរចំណងមិត្តភាពរវាង កម្ពុជា-អូស្ដ្រាលី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-អូស្ដ្រាលី ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍ លើគ្រប់វិស័យនៅកម្ពុជា»។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAP RED) មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លានដុល្លារ)។ ទន្ទឹមនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើង ជាលំដាប់ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារក្នុងឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានបន្តផ្តល់ ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ជំនួយជាវ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top