ព័ត៌មានជាតិ

ក្រុមហ៊ុន ២ទៀត បោះទុនវិនិយោគជាង ១០លានដុល្លារ បង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១០,២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងអាចបង្កើតឱកាសការងារជិត ៣ពាន់កន្លែង ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១០ មីនានេះ បានឲ្យដឹងថា តាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “DUN TAI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង ។

២- “PRECLO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង ៕

To Top