ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកការពារសណ្ដាប់សាធារណៈ តាមរយៈការពារតាមបុរី និងកន្លែងនានា ទោះបីពួកគាត់ជាវិស័យឯកជនក៏ដោយ។
នាឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសន្ដិសុខឯកជន បានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សន្ដិសុខឯកជន នោះក៏សំខាន់ដែរ ឥលូវនៅតាមបុរីជាដើម មានសុវត្ថិភាពដោយសារសន្ដិសុខឯកជន ប៉ុន្ដែគ្រាន់ថា មានលទ្ធភាពជាងប្រជាការពារ ដោយសារមានក្រុមហ៊ុនសន្ដិសុខឯកជន អញ្ចឹមក្រុមហ៊ុន បានទទួលចំណូលពីម្ចាស់ផ្ទះក្នុងបុរី»។
សម្ដេច បានរំលឹកថា កន្លងទៅ នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតនាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងកិច្ចការងារនេះ ហើយត្រូវបន្ដយកចិត្តទុកដាក់ផងដែរ។
សម្ដេច ស ខេង បន្ដថា ដើម្បីឱ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពគ្រប់គ្រាន់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួយបណ្ដុះបណ្ដាលដល់ ភ្នាក់ងារសន្ដិសុខឯកជន ព្រោះពួកគាត់មានភារៈកិច្ច ដើម្បីការពារកន្លែងនានា ៕