ព័ត៌មានជាតិ

អភិបាលក្រុងបាវិត ៖ កត្តាសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យ

ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះបានចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្លោងទ្វាររបងវត្តរួម និងសមិទ្ធផលនានា ស្ថិតក្នុងវត្តពោធិ៍ថ្មី ហៅវត្តបាវិតស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលចំណាយការសាងសង់ អស់ប្រមាណជិត ២០ ម៉ឺនដុល្លារ។

ព្រះតេជគុណ សេក ផានិត ចៅអធិការវត្តពោធិ៍ថ្មីហៅវត្តបាវិត បានមានសង្ឃដីកាឲ្យដឹងថា សមិទ្ធផលនានារួមមានក្លោងទ្វារចំនួន ៣ របងវត្តរួម និងស្ដូបតម្កល់ព្រះពុទ្ធរូប ដែលបានធ្វើពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺបានចាប់ផ្ដើមកសាងចាប់ពីឆ្នាំ ២០២០ រហូតមកដល់ចុងឆ្នាំ ២០២២ទើបរួចរាល់ហើយ ជាស្ថាពរសរុបថវិកា សាងសង់ ប្រមាណជិត ២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយបានការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ព្រះចៅអធិការក៏សូមថ្លែង អំណរគុណចំពោះសប្បុរស ជននានាទាំងអស់ ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈ និងបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានាជាច្រើន ដើម្បីទុកជាគរុភណ្ឌរបស់វត្ត សម្រាប់ពុទ្ធបរិស័ទគោរពបូជា ទៅថ្ងៃក្រោយតាមបែបកន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរព បូជាប្រតិបត្តិតាំងពីដើមរៀង រហូតមកដល់ពេលបច្ចុប្បន្ន។

លោក លឹម សៀងហេង បានថ្លែងថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីព្រះគំនិតផ្ដួចផ្ដើម របស់ព្រះតេជគុណចៅអធិការវត្ត លោកតាអាចារ្យ គណ:កម្មាវត្ត ពុទ្ធបរិស័ទជាច្រើននាក់ទៀត ដែលបានគៀងគរសប្បុរសជន នានាជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយកសាងឱ្យលេចចេញ ជាផ្លែផ្កានៅសមិទ្ធផលផ្សេងៗ ជាច្រើនសម្រាប់តម្កល់ទុកនៅទីវត្តអារាម ដើម្បីឲ្យពុទ្ធបរិស័ទបានធ្វើបុណ្យទាន និងរក្សាសីល តាមប្រពៃណីព្រះពុទ្ធសាសនា។

លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ យើងទាំងអស់គ្នា បានធ្វើបុណ្យរួមហើយក៏បានចូលរួម នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការរួម គឺដើម្បីទុកជាគុណប្រយោជន៍ ដល់ពុទ្ធបរិស័ទទាំងអស់ គ្នាទៅថ្ងៃក្រោយ។

លោកអភិបាលក្រុង បានមានថ្លែងសង្កត់ធ្ងន់ថា យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយយើង ទាំងអស់គ្នា ត្រូវចូលរួមរក្សាការពារនៅសុខសន្តិភាព ដូចសព្វថ្ងៃនេះឲ្យបានយូរអង្វែង ហើយយើងទាំងអស់គ្នា ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីនិងបន្តគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ទៅថ្ងៃខាងមុខដើម្បីអភិវឌ្ឍន៍ ប្រទេសឲ្យមានការរីកចម្រើន បន្ថែមទៀត៕

To Top