ភ្នំពេញ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត៣០០០នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺ covid -19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាត ជំងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។
បន្ថែមពីនេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានបន្តថា សម្តេចតេជោ នៅបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពទទួលអ្នកជំងឺ បានជាង១ម៉ឺនគ្រែថែមទៀត។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។
លោកក៏បានលើកឡើង ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត នៃរបបនោះ។
ឆ្លៀតក្នុងឱកាសនោះ លោកពិតជាអរគុណ ចំពោះការសម្រេចចិត្តរបស់សមាជិកថ្មី ដោយថា ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេង របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។
ដូចនេះ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យសមាជិកទាំងអស់ត្រូវរួមគ្នា ការពារសន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ លោកសូមអោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងបន្ថែមទៀត។
ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ស្នើឲ្យបងប្អូននិងក្មួយៗទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូនសាច់ញាតិ និងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុស មកចូលរួមជីភាពជាមួយ បក្សប្រជាជនកម្ពុជាវិញ ។
សូមបញ្ជាក់ថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិក គណបក្សប្រជាជាជនកម្ពុជា ខណ្ឌដូនពេញ ថ្មីនេះមានចំនួន ២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិក គណបក្សជាផ្លូវកានៅថ្ងៃនេះ៕