ភ្នំពេញ៖ ករណីអគ្គីភ័យ ឆាបឆេះ ផ្នែកខ្លះនៃអគារមួយ ក្នុងបរិវេណព្រះរាជដំណាក់ របស់ព្រះមហាក្សត្រ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់អ្នកនៅ ទីតាំងនោះផ្ទាល់ ជាពិសេសអ្នកលេងបណ្ដាញសង្គម។ ប៉ុន្តែទោះបីជាយ៉ាង កងកម្លាំង សមត្ថកិច្ច ព្រមទាំងមន្រ្តីជំនាញ ក៏បានចុះអន្តរាគមន៍ពន្លត់ ទាន់ពេលវេលាផងដែរ ។
ក្នុងករណីនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញនូវការ សោកស្តាយ ចំពោះអគ្គីភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ច បានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង ។
ជាមួយគ្នានេះ លោកអភិបាលក៏បានថ្លែងអំណរគុណ ដល់កងកម្លាំងដែលបានអន្តរាគមន៍ យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ ៕