ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ស្រ្តី គួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសឱ្យកាន់ មុខតំណែងសំខាន់ៗ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្រ្តី គួរត្រូវបានទទួលការ យកចិត្តទុកដាក់ ក្នុងការជ្រើសរើសឱ្យកាន់មុខតំណែងសំខាន់ៗបន្ថែមទៀត ព្រោះស្រ្តីមានភាពអំណត់ អត់ធ្មត់ និងមុះមុតក្នុងការងារ។

ក្នុងពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេច ស ខេង បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងដាស់តឿនក្រើនរំលឹកជាប្រចាំ អំពីសារៈសំខាន់នៃសមភាពយេនឌ័រ ដោយលើកពាក្យស្លោកថា «ជួយស្រ្តី គឺជួយខ្លួនឯង» និងបានដាក់បញ្ចូលយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀត។

សម្តេច បន្តថា សមភាពយេនឌ័រ កើតឡើងបាន គឺចេញពីការគោរព ឱ្យតម្លៃ និងទទួលស្គាល់នូវចំណុចល្អ និងចំណុច ខ្វះខាត ដែលកើតមានលើខ្លួនឯង និងអ្នកជុំវិញខ្លួន ទាំងបុរស និងស្រ្តី ទាំងដៃគូក្នុងគ្រួសារ ទាំងអ្នករួមអាជីពការងារ និងជួយកែលម្អគ្នា ទៅវិញទៅមក ហើយហ៊ានទទួលយក និងខិតខំលុបបំបាត់នូវចំណុចខ្វះខាតទាំងនោះ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដោយគ្មានការរើសអើង។

លើសពីនេះ សម្តេច បន្ថែមថា ក្រសួងមហាផ្ទៃ បានខិតខំធ្វើឱ្យប្រសើរឡើងនូវសមធម៌យេនឌ័រ និងបរិយាប័ន្ន ដោយព្យាយាមដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាពដែលឆ្លើយតបទៅនឹងការផ្តល់ឱកាស និងផលប្រយោជន៍ដល់នារី និងបុរស ប្រកបដោយសមធម៌ ទាំងនៅក្នុងជួរមន្រ្តីរាជការ និងកងកម្លាំងក្រោមឱវាទ គ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល ប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ។

សម្តេច បានគូសបញ្ជាក់ថា តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន។ សម្តេច លើកឡើងថា «ស្រ្តីមានភាពអំណត់ អត់ធ្មត់ មុះមុតក្នុងការងារ គោរពការចាត់តាំង និងមានវិន័យល្អ។ លើសពីនេះ ស្រ្តីត្រូវរ៉ាប់រងបន្ទុកគ្រួសារ និងមានការទទួលខុសត្រូវជាច្រើនទៀត បន្ថែមលើការងារក្នុងអង្គភាព»។

ក្នុងន័យនេះ សម្តេច ស ខេង លើកឡើងបន្ថែមថា «ស្រ្តី គួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើស​ឱ្យកាន់មុខតំណែងសំខាន់ៗ បន្ថែមទៀត រួមទាំងតួនាទីជាអភិបាលខេត្ត ស្រុក ក្រុង ខណ្ឌ និងជាបេក្ខជនតំណាងរាស្រ្ត និងចូលរួមវិស័យនយោបាយនៅមូលដ្ឋានផងដែរ»៕

To Top