ព័ត៌មានជាតិ

អូស្ដ្រាលី ប្ដេជ្ញាធ្វើយ៉ាងណា ជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចគោលដៅ ប្រទេសគ្មានមីន នៅឆ្នាំ២០២៥

ភ្នំពេញ ៖ ថ្លែងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅ ប្រទេសគ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។

នាឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងថា «ក្នុងអាណត្តិ ជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា នឹងប្រឹងប្រែង ធ្វើយ៉ាងណាពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូ លើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ទំនាក់ទំនង រវាងអ្នកវិនិយោគ និងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីន ធ្វើយ៉ាងណា ជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីន នៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស វិស័យការពារជាតិ និងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត»។

សម្ដេចតេជោ សម្ដេចតេជោថ្លែង អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាបានប្រកាសខេត្តមួយចំនួន ជាខេត្តអស់មីនហើយ ក្រោយសម្តេចតេជោបានបង្កើត គម្រោងមួយសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” កាលពីឆ្នាំ២០២២ ។ ខេត្តអស់មីនទាំងនោះរួមមាន ៖ ស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងត្បូងឃ្មុំ ត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ ខណៈខេត្ត៤ទៀតគឺកំពង់ឆ្នាំង ស្វាយរៀង តាកែវ និងកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ខាងមុខ ៕

To Top