ភ្នំពេញ ៖ ដោយសារបញ្ហា វិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើង របស់ចិនដ៏ធំមួយ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ និងត្រូវការកំលាំងពលកម្មជិត១ពាន់នាក់ ។

ការសម្រេចចិត្តនេះ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្ត អ្នកវិនិយោគមកកាន់កម្ពុជា ។
លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះ ទៅកាន់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រ ការបង្កើតរោងចក្រផលិតស្បែកជើង នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ។
លោក អ៊ិត សំហេង បានថ្លែង អំណរគុណ ប្រធានក្រុមហ៊ុនដែលមាន ទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាស្វាគមន៍ ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការរក្សាបានទីផ្សារ នាំចេញទាំង អស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍គោលនយោបាយ ពាណិជ្ជកម្មផ្សារភ្ជាប់ ទៅនឹងលក្ខខណ្ឌ ការងារ ដោយធានាបាននិរន្តរភាព នៃការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀង ជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។
បើតាមលោកប្រធានក្រុមហ៊ុន គឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឲ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប និងអាមេរិក ៕
