ព័ត៌មានជាតិ

អបអរសាទរ ! ខេត្តកណ្តាល បានក្លាយជាខេត្តអស់មីន

កណ្ដាល ៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញអបអរសាទរ ចំពោះខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ ។ មានន័យថា កម្ពុជា នៅសល់តែ១៥ខេត្តទៀតប៉ុណ្ណោះ នៅមានការគម្រាមដោយសារគ្រាប់មីន ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រោមការជួយគាំទ្រ ពីគម្រោង សម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្ត អស់មីនចំនួន ៨ ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធីសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា បានចាប់ផ្តើមឡើងនៅឆ្នាំ ១៩៩២ ដើម្បី ឆ្លើយតបបន្ទាន់ ទៅនឹងការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន ។ កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ ។

លោកឧបនាយករដ្ឋមន្ត្រីបន្ដថា នៅឆ្នាំ១៩៩៨ តាមរយៈ ការដាក់ចេញ និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ត្រូវបានបញ្ចប់ជាស្ថាពរ ស្របពេលដែលរចនាសម្ព័ន្ធយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដួលរំលំទាំងស្រុង ហើយព្រះរាជាណាចក្រកម្ពុជា ក៏ទទួលបានមកវិញ នូវសុខសន្តិភាព ឯកភាពជាតិ និងបូរណភាពទឹកដីពេញលេញ ដែលជាកត្តាដ៏សំខាន់ សម្រាប់ប្រតិបត្តិករ បោសសម្អាតមីន ទាំងអស់ ចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការដោះ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយគ្មានការភ័យខ្លាច ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ដែរថា បើទោះបីជាខេត្តកណ្តាល បានប្រកាស ជាខេត្តអស់មីន ក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌ មិនទាន់ផ្ទុះដទៃទៀតនោះទេ ជាពិសេសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងបាតទន្លេ ដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០២១ បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ ក៏មានភូមិសាស្ត្រពាក់ព័ន្ធ នៅស្រុកមុខកំពូល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ដោយត្រូវបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៣,៣៤៧គ្រាប់ ។

លោកអភិបាលខេត្តបន្ថែមថា ខេត្តកណ្តាលនៅបន្តមានផ្ទៃដីសង្ស័យ មានសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងទំហំប្រមាណ ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ ស្មើនឹង ១៤៣ ចម្ការគ្រាប់ ក្នុងនោះ មានផ្ទៃ ដីមានគ្រាប់បែកចង្កោម ចំនួន ៥ ៤៩៤ ០១៦ ម៉ែត្រការ៉េ ស្មើនឹង ៥៨ ចម្ការគ្រាប់៕

To Top