ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហាញសៀវភៅប្រវត្តិសាស្ត្រកម្ពុជា , ១០ឆ្នាំទៀត នឹងចេញផ្សាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយមិនអាចទម្លាយបាននៅពេលនេះបានទេ ដោយរង់ចាំរយៈពេល ១០ឆ្នាំខាងមុខទៀត ទើបនឹងអនុញ្ញាតឲ្យចេញផ្សាយជាសាធារណៈ ព្រោះមានអាថ៌កំបាំងច្រើន។សៀវភៅប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ដែលគម្របសៀវភៅមានរូបភាពសម្តេចនោះ ត្រូវបានសម្តេចលើកយកមកបង្ហាញ ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

សម្ដេចតេជោបានថ្លែងថា សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ បាននិយាយដាក់ជាវិដេអូមានរយៈពេលជាង៣០ម៉ោង។សម្ដេចតេជោ បញ្ជាក់ថា «ហេតុអ្វី? បានជាខ្ញុំ កាន់សៀវភៅនេះមក សៀវភៅនេះ ខ្ញុំបាននិយាយដាក់ជាវិដេអូ មានរយៈពេលជាង៣០ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ ប៉ុន្ដែសៀវភៅនេះមានការទាក់ទងតិចណាស់ ទៅក្នុងដំណើររឿង (កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី) ប៉ុន្ដែសៀវភៅនេះ គឺមិនអាចផ្សាយក្នុងពេលនេះទេ គឺផ្សាយក្នុងរយៈពេលមិនតិចជាង១០ឆ្នាំទៀត ទើបអនុញ្ញាតឲ្យផ្សាយបាន ព្រោះមានអាថ៌កំបាំងច្រើនណាស់នៅទីនេះ ហើយវាមិនអាចបញ្ចេញតាមខ្សែភាគយន្ដបាននោះដែរ»។សម្ដេចតេជោបន្ដថា សៀវភៅប្រវត្តិសាស្ត្រកម្ពុជា គឺប្រមូលខ្លឹមសារចាប់ពីឆ្នាំ១៩៧៧ មកទល់ឆ្នាំ២០០៤ តែប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវកើតមុនពេលនោះ គឺមិនមាននៅក្នុងសៀវភៅនោះឡើយ បែរជាមានមួយផ្នែក មាននៅក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា សាច់រឿងនៃរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី គឺត្រូវនឹងរឿងពិតរបស់សម្តេចតែប្រមាណ ៤០%ប៉ុណ្ណោះ។ ដោយសម្តេចគូសបញ្ជាក់ថា ព្រោះរឿងពិត គឺសម្តេចបានចូលប្រយុទ្ធលើសមរភូមិប្រមាណដល់១០៥លើក តែនៅក្នុងសាច់រឿង គឺមានតែ៥លើកទេ ហើយតួអង្គទៀតសោត ក៏មិនទាន់គ្រប់អស់នោះដែរ ៕

To Top