ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាតំណាងដ៏ខ្ពងខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ខែមីនា២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពលីសុំរុះរើ នឹងជួសជុលទាំងស្រុង ព្រះរាជដំណាក់តូចក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជា ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១២ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។
មន្រ្តីនគរបាលពន្លត់ និងបង្ការអគ្គិភ័យខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត។
ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ក៏បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០និង៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ក្រសួងព្រះបរមរាជវាំង ក៏បានសម្តែងការសោកស្ដាយជាពន់ពេកចំពោះព្រឹត្តការណ៍ជាអកុសលនេះផងដែរ៕