ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យបញ្ឈប់ប្តូរឈ្មោះផ្លូវជាតិ ហើយនាំគ្នាគិតធ្វើផ្លូវឲ្យល្អ ទើបសំខាន់ជាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ប្តូរឈ្មោះផ្លូវជាតិបន្តទៅទៀត ហើយនាំគ្នាគិតធ្វើផ្លូវឲ្យបានល្អ ទើបសំខាន់ជាង។

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ បានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្ដូរឈ្មោះផ្លូវនោះ ធ្វើឲ្យប្រជាពលរដ្ឋ មានការវង្វេងផ្លូវទៅវិញ។

សម្ដេចតេជោបញ្ជាក់ថា «ចឹងបានខ្ញុំថា ឈប់កុំនាំគ្នាដូរ គឺថា រដ្ឋមន្ត្រីឡើងមួយមក ដូរឈ្មោះផ្លូវម្ដង ចឹងឈប់ប៉ុណ្ណឹងបានហើយ វង្វេងបោះផែនទីទៅបោះដាក់ថាផ្លូវ លេខ៥៦ ដល់គេថា អានេះផ្លូវលេខ៥៥ទេ វាវង្វេងអស់ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែមកដូរឈ្មោះផ្លូវ ប្រាប់ថាអាស្តាំលេខគូ អាឆ្វេងលេខសេស វាទៅជាអីចឹងអស់ទៅ វាមិនគិតពីធ្វើផ្លូវ វាគិតតែរឿងដូរផ្លូវនេះទៅវិញ អាហ្នឹងវាហួសទៅហើយ តែបើមិននិយាយនៅតែដូរទៀត ឡើងមកមួយដូរមួយ ឡើងមកពីរដូរពីរ។ មើល គិតរឿងធ្វើផ្លូវឲ្យល្អ វាសំខាន់ជាង ដូរឈ្មោះផ្លូវ»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋ រស់នៅខេត្តពោធិ៍សាត់ ក្នុងស្រុកវាលវែង ចង់ធ្វើដំណើរទៅលេងក្រុងព្រះសីហនុ និងកោះកុង លែងពិបាកទៀតហើយ គឺចេញដំណើរតាមផ្លូវជាតិលេខ១០។

លើសពីនេះ សម្តេចនាយករដ្ឋមន្ដ្រី បានរំលឹកថា នាពេលកន្លងទៅ សម្តេចធ្លាប់លើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ គ្រប់ដណ្តប់ខេត្ត៤ រួមមាន៖ ខេត្តពោធិសាតិ៍ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ផងដែរ៕

To Top