កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ ២០២៣ ដែលជាព្រឹកថ្ងៃទី ២ នៃពិធីសន្និបាតបុកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២ និងទិសដៅឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំលេចចេញ នូវការខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យខេត្តកំពង់ចាម ទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋអំពីការថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលប័ណ្ណសរសើររំដួល៣ទង ពីប្រមុខរដ្ឋាភិបាល ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ប្រការដែលយើងបានខិតខំទាំងអស់គ្នា ត្រូវបានទទួលសាទរពីប្រជាពលរដ្ឋ ក៏ដូចជា ពី ប្រមុខរដ្ឋាភិបាល តាមរយៈការផ្ដល់ជូន ជ័យលាភី ក៏ដូចជាប័ណ្ណសរសើរ និងប្រាក់រង្វាន់ ដល់ខេត្តកំពង់ចាមរបស់យើង ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា លទ្ធផលដែលខេត្តកំពង់ចាម សម្រេចបានទីមួយនោះគឺ ការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ ១ ដែលលទ្ធផលនេះ គឺបានមកដោយសារ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ នៅតាមមូលដ្ឋានខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ប្រើប្រាស់គ្រប់យុទ្ធវិធី ដែលធ្វើឲ្យខេត្តយើងទទួលបានជ័យលាភី ចំនួន ៦ ឆ្នាំ ជាប់គ្នា គិតទាំងឆ្នាំ ២០២២ នេះ ។
ជាមួយគ្នានេះដែរ លទ្ធផលដែលខេត្តកំពង់ចាមយើងទទួលបានមួយទៀត គឺប័ណ្ណសរសើរពីរដ្ឋាភិបាល នូវរំដួល ៣ទង ជាទីក្រុងស្អាត គឺសម្រាប់ខេត្តកំពង់ចាមទទួល ២ដង ជាប់ៗគ្នា ។ ហើយនៅឆ្នាំ ២០២៦ និងមានការប្រឡងប្រណាំងម្ដងទៀត ដូច្នេះ យើងត្រូវរក្សាខ្សែក្រវ៉ាត់រំដួល ៣ទង នេះ បន្តទៀត ដោយធ្វើការអភិវឌ្ឍន៍សមត្ថភាពឲ្យទៅមុខជានិច្ច និងបង្កើនសមិទ្ធផលជាបន្តបន្ទាប់ទៀត ដែលត្រូវរៀបចំសោភ័ណភាពក្នុងក្រុងកំពង់ចាម ឱ្យបានល្អថែមទៀត ៕