ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៉ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខារ៉េស៊ីដង់ ភ្នំពេញ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។

សន្និសីទ ជនមានពិការភាព មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន, លើកកម្ពស់សុខមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ជំរុញការធ្វើបរិយាប័ន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, ចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍន៍តាមបែបបរិយាប័ន្ន ក្នុងអំឡុងពេល និងក្រោយការរាតត្បាតជំងឺកូវីដ១៩៕

To Top