ព័ត៌មានជាតិ

ក្រសួងការងារ នឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ មីនា

ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមាន​រោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។

គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាការអន្តរាគមន៍ដោះស្រាយការងារ​បន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្ត​ទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់​បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបាន​ការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋានដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

បន្ថែមលើនេះ NEA បាន និងកំពុងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារ​ចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់​មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បី​កៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបាន​ការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។
បងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀមចូលរួមឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើជាមួយបណ្តារោងចក្រ សហគ្រាសដែលកំពុងមាន​តម្រូវការជ្រើសរើសកម្លាំងពលកម្មជាច្រើននាក់៕

To Top